ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះគ្រីស្តបានរៀនអំពីសិល្បៈនៃសង្រ្គាម នៅពេលព្រះអង្គមានជ័យជម្នះលើលោកិយ ដូចព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានឈ្នះលោកិយនេះហើយ» (សន្តហ៊ីលឡារី)។

បន្ទរទី១ ៖ ព្រះអម្ចាស់ជា​ទី​ជម្រក​ដ៏​រឹងមាំ​របស់​ខ្ញុំ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!

(ក)

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ
ព្រះ‌អង្គ​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រ ហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។
ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាចំពោះ​ខ្ញុំ ព្រះ‌អង្គ​ជួយ​ការ‌ពារ​ខ្ញុំ
ព្រះ‌អង្គ​ជា​ទី​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ព្រះ‌អង្គ​រំដោះ​ខ្ញុំ
ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោមអំណាច​របស់​ខ្ញុំ
ឱ​ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ជា​អ្វី
បាន​ជា​ព្រះ‌អង្គយក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?
តើ​មនុស្ស​លោក​ជា​អ្វីបាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ?
មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ
អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែង‌តែ​រសាត់​បាត់​ទៅ។
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃរបស់​ព្រះ‌អង្គ ហើយ​យាង​ចុះ​មក!
សូម​ពាល់​ភ្នំ ដើម្បី​ឱ្យ​មាន​ផ្សែង​ហុយ​ឡើង។
សូម​ព្រះ‌អង្គ​ធ្វើ​ឱ្យ​មាន​ផ្លេក​បន្ទោរ កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ
សូម​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ​បំបាក់​ទ័ព​ពួក​គេ។
សូម​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូល‌បង្គំ
សូម​ស្រង់​ទូល‌បង្គំ​ឱ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ
សូម​រំដោះ​ទូល‌បង្គំ​ឱ្យ​រួច​ពី​អំណាចរបស់​ជន​បរទេស​ទាំង​នេះ​ផង។
ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ
ហើយ​ក៏​មិន​ដែល​គោរព​ពាក្យសម្បថ​របស់​ខ្លួន​ដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជា​ទី​ជម្រក​ដ៏​រឹងមាំ​របស់​ខ្ញុំ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!

បន្ទរទី២ ៖ សូម​អរ​ព្រះ‌គុណ​ព្រះជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​ឱ្យ​យើង​មាន​ជ័យជម្នះ ដោយសារ​ព្រះអម្ចាស់​យេស៊ូគ្រីស្ត អាលេលូយ៉ា!

(ខ)

(បទព្រហ្មគីតិ)

៩-បពិត្រព្រះម្ចាស់អើយខ្ញុំច្រៀងថ្វាយនូវបទថ្មី
និងប្រគុំតន្ត្រីពីរោះក្រៃថ្វាយព្រះម្ចាស់
១០-ព្រះអង្គបានប្រទានឱ្យស្តេចមានជ័យជម្នះ
ព្រះអង្គបានសង្គ្រោះដាវីឌរស់មានសិរី
១១-សូមសង្គ្រោះរំដោះខ្ញុំឱ្យរស់ផុតពីដៃ
ជនបរទេសអប្រីយ៍ដែលនិយាយពាក្យមិនពិត
១២-សូមឱ្យកូនប្រុសៗយើងទាំងអស់ស្រស់ប្រណីត
លូតលាស់ល្អម៉ងម៉ត់ដូចរុក្ខជាតិស្រស់ខៀវខ្ចី
ឯកូនស្រីសំណព្វល្អគួរគាប់ស្រស់ប្រិមប្រីយ៍
ដូចទេពអប្សរស្រីល្អប្រពៃស្រស់ផូរផង់
១៣-សូមឱ្យក្នុងជង្រុកយើងមានផ្ទុកភោគផលផង
ចៀមក្នុងហ្វូងត្រសងកើនច្រើនដងរាប់ម៉ឺនពាន់
១៤-ហ្វូងគោក៏ចម្រើនមានកូនច្រើនមិនថយអន់
គ្មានបាត់គ្មានគេប្លន់គ្មានអាសន្នតាមទីផ្សារ
១៥-ប្រជាណាទទួលពរនិមលដូច្នេះណា
កើតមានក្តីសុខាមង្គលថ្លាល្អត្រចះ
ប្រជាណាគោរពព្រះម្ចាស់ទុកធ្វើជាព្រះ
នោះគេនឹងឃើញច្បាស់ជួបប្រទះតែមង្គល
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ សូម​អរ​ព្រះ‌គុណ​ព្រះជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​ឱ្យ​យើង​មាន​ជ័យជម្នះ ដោយសារ​ព្រះអម្ចាស់​យេស៊ូគ្រីស្ត អាលេលូយ៉ា!

បន្ទរទី៣ ៖ ព្រះយេស៊ូគ្រីស្ត​មិន​ប្រែប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់​កល្ប‌ជានិច្ច ព្រះអង្គ​នៅ​តែ​ដដែល អាលេលូយ៉ា!

១៧“បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅតាំងពីដើមរៀងមកដែរ !
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ
មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨ជាតិសាសន៍នានាបាននាំគ្នាខឹង
ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១បងប្អូនយើងបានឈ្នះវា
ដោយសារព្រះលោហិតរបស់កូនចៀម និងសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះយេស៊ូគ្រីស្ត​មិន​ប្រែប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់​កល្ប‌ជានិច្ច ព្រះអង្គ​នៅ​តែ​ដដែល អាលេលូយ៉ា!

សូម្បី​តែ​ព្រះ‌គ្រីស្តក៏​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិតបាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បីនាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​ទេវទូត ព្រម​ទាំង​វត្ថុស័ក្តិ‌សិទ្ធិនានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ ខ្ញុំ​មក ដើម្បី​ឱ្យ​មនុស្ស​លោក​មាន​ជីវិត ហើយ​ឱ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌» អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ ខ្ញុំ​មក ដើម្បី​ឱ្យ​មនុស្ស​លោក​មាន​ជីវិត ហើយ​ឱ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌» អាលេលូយ៉ា!

ព្រះបិតាបានចាក់គ្រឹះនៃសេចក្តីសង្ឃឹមគ្រប់យ៉ាងរបស់យើង និងគោលការណ៍នៃការរស់ឡើងវិញ ក្នុងអង្គព្រះគ្រីស្ត។ ចូរយើងមានអំណរសប្បាយក្នុងព្រះគ្រីស្ត ហើយស្រែកទូលព្រះអង្គថា ៖

បន្ទរ ៖ ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានយាងចូលស្ថានបរមសុខ ដើម្បីថ្វាយព្រះលោហិតផ្ទាល់របស់ព្រះអង្គ ទុកជាយញ្ញបូជា
—សូមព្រះអង្គនាំយើងខ្ញុំចូលទៅក្នុងសិរីរុងរឿងនៃព្រះបិតាផង។ (បន្ទរ)

ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានបញ្ជាក់ជំនឿរបស់ពួកសាវ័ក ហើយផ្ញើពួកគេឱ្យទៅប្រកាសដំណឹងល្អក្នុងពិភពលោក
—សូមព្រះអង្គប្រោសឱ្យអស់លោកអភិបាល លោកបូជាចារ្យ មានចិត្តស្មោះត្រង់ផ្សាយដំណឹងល្អនេះផង។ (បន្ទរ)

ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានក្លាយទៅជាអ្នកសម្រុះ សម្រួល និងជាសេចក្តីសុខសាន្តរបស់យើងខ្ញុំ
—សូមព្រះអង្គបង្រួបបង្រួមគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក ឱ្យទៅជាធ្លុងតែមួយក្នុងជំនឿ និងសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ។ (បន្ទរ)

ដោយការរស់ឡើងវិញរបស់ព្រះអង្គ បុរសពិការនៅមុខក្លោងទ្វារព្រះវិហារបានជាសះស្បើយ
—សូមព្រះអង្គទតមើលមកអ្នកជំងឺ និងសម្តែងឫទ្ធានុភាពរបស់ព្រះអង្គក្នុងពួកគេផង។ (បន្ទរ)

ព្រះអង្គជាផលដំបូងពីចំណោមមនុស្សស្លាប់ និងជាផលដំបូងនៃការរស់ឡើងវិញ
—សូមព្រះអង្គប្រោសឱ្យមរណបុគ្គលដែលជឿសង្ឃឹមលើព្រះអង្គ បានរួមចំណែកក្នុងសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

ឱព្រះបិតាដ៏មានធម៌មេត្តាករុណា ! ព្រះអង្គចាត់ព្រះយេស៊ូជាព្រះគ្រីស្តឱ្យយាងមកស្របតាមព្រះបន្ទូលសន្យា ដើម្បីប្រោសមនុស្សលោកឱ្យក្រោកឡើង និងមានកិត្តិយសជាបុត្រធីតាព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឱ្យយល់កាន់តែច្បាស់នូវព្រះអំណោយទានដ៏ថ្លៃថ្លានេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

26 Views

Theme: Overlay by Kaira