រដូវធម្មតា
ថ្ងៃអាទិត្យ អាទិត្យទី៥
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១ ៖ សូមព្រះអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ !
១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។ |
២ | សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមព្រះអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ !
ទំនុកតម្កើងលេខ ១១៤,១-៨
ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប
អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីបផងដែរ (សន្តអូគូស្ទីន)។
បន្ទរទី២៖ ផែនដីទាំងមូលបានញាប់ញ័រ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ អាលេលូយ៉ា!
(បទពាក្យ ៧)
១- | ពេលអ៊ីស្រាអែលបានចាកចេញ | ពីអេស៊ីបវិញហើយពេលនោះ | |
ពូជពង្សយ៉ាកុបចេញទាំងអស់ | ពីដីបរទេសមិនសល់នៅ | ។ | |
២- | ឯប្រជាជនជាតិយូដា | បានក្លាយទៅជាឥតហ្មងសៅ | |
ជាប្រជាជាតិមិនអាស្រូវ | វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ | ។ | |
៣- | ពេលទឹកសមុទ្រឃើញពួកគេ | តក់ស្លុតម៉្លេះទេមិនបង្អង់ | |
គេចខ្លួនថយទៅមិនរេរង់ | ទាំងយ័រដាន់ផងក៏ថយដែរ | ។ | |
៤- | ភ្នំតូចភ្នំធំភ្នំទាំងអស់ | នៅមិនស្ងៀមសោះដូចពពែ | |
លោតទៅលោតមកមិនឈប់ទេ | ភ្នំតូចលោតដែរដូចកូនចៀម | ។ | |
៥- | ឱសមុទ្រអើយម្តេចក៏អ្នក | រត់គេចជាជាក់ទៅនៅស្ងៀម | |
អ្នកធ្លាប់រលកលោតរវាម | ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ | ។ | |
ឱទឹកទន្លេយ័រដាន់អើយ | ពេលនេះម្តេចឡើយរត់លឿនម៉្លេះ | ||
ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ | តើរឿងទាំងនេះមកពីអ្វី | ។ | |
៦- | ភ្នំអើយម្តេចអ្នកមិនឈប់លោត | ផ្លាស់ប្តូររហូតដូចសត្វព្រៃ | |
ភ្នំតូចអើយអ្នកលោតព្រោះអ្វី | មិនស្គាល់យប់ថ្ងៃមិនសម្រាក | ។ | |
៧- | ឱផែនដីអើយចូររីករាយ | អំណរសប្បាយចំពោះភក្រ្ត | |
ព្រះជាអម្ចាស់របស់អ្នក | និងចំពោះភក្រ្តព្រះយ៉ាកុប | ។ | |
៨- | គឺទ្រង់បានធ្វើឱ្យសិលា | ប្រែក្លាយទៅជាបឹងសាយសព្វ | |
ឱ្យថ្មប្រែក្លាយជាប្រភព | ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ផែនដីទាំងមូលបានញាប់ញ័រ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)
វិវាហមង្គលការកូនចៀម
បន្ទរទី៣ ៖ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះចេស្តា ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ អាលេលូយ៉ា! ។
១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
២ | ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ អាលេលូយ៉ា! |
៥ | អាលេលូយ៉ា! អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។ អាលេលូយ៉ា! |
៦ | អាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះចេស្តា ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ អាលេលូយ៉ា! ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ១,៣-៤)
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឱ្យយើងអាចសម្រាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានឱ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។
បន្ទរ៖ លោកទាំងមូល *ថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទរឡើងវិញ៖…
-សូមសរសើរតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ។
ពាក្យអង្វរសកល
ព្រះគ្រីស្តជាព្រះសិរសារបស់ព្រះសហគមន៍ យើងខ្ញុំជាសរីរាង្គនៃព្រះកាយព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយសេចក្តីអំណរសប្បាយថា៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់។
សូមព្រះគ្រីស្តជាព្រះសង្គ្រោះរបស់យើងខ្ញុំ ប្រោសប្រទានឱ្យព្រះសហគមន៍ ធ្វើជារូបតំណាងនៃការស្រុះស្រួលគ្នារបស់មនុស្សជាតិទាំងអស់
—ហើយសូមឱ្យព្រះសហគមន៍ប្រារព្ធអគ្គសញ្ញានៃការសង្គ្រោះមនុស្សលោកកាន់តែមានប្រសិទ្ធិភាព។ (បន្ទរ)
តាមរយៈវត្តមានរបស់ព្រះអង្គ សូមព្រះអង្គជួយណែនាំក្រុមលោកអភិបាល ឱ្យចេះរួបរួមគ្នាជាធ្លុងតែមួយនឹងសម្តេចប៉ាប
—ហើយសូមព្រះអង្គប្រទានព្រះអំណោយទាននៃការឯកភាពគ្នា សេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្តដល់ពួកគាត់ផង។ (បន្ទរ)
សូមព្រះអង្គបង្រួបបង្រួមគ្រីស្តបរិស័ទទាំងអស់ ឱ្យចូលមកជិតព្រះអង្គដែលជាព្រះសិរសា កាន់តែជិតសិ្នទ្ធជាងមុន
—ហើយសូមជួយណែនាំយើងខ្ញុំទាំងអស់គ្នាឱ្យចេះប្រកាសអំពីព្រះរាជ្យ ដោយធ្វើជាសាក្សីក្នុងជីវិតរស់នៅប្រចាំថ្ងៃផង។ (បន្ទរ)
សូមព្រះអង្គប្រោសប្រទានឱ្យពិភពលោក ដែលប្រកបដោយភាពដ៏វឹកវរនេះ បានពោរពេញដោយសន្តិភាព
—សូមព្រះអង្គប្រទាននូវយុត្តិធម៌ និងសេចក្តីសុខសាន្ត កើតមាននៅគ្រប់ទីកន្លែងផង។ (បន្ទរ)
សូមព្រះអង្គប្រោសប្រទានឱ្យអស់បងប្អូនដែលបានទទួលមរណភាព បានទទួលសិរីរុងរឿងនៃការរស់ឡើងវិញរបស់ព្រះអង្គ
—ហើយសូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំ បានចូលរួមសេចក្តីសុខសាន្តជាមួយពួកគេ នៅពេលខាងមុខផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់អើយ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំ ឱ្យរួមរស់ក្នុងព្រះសហគមន៍របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។