ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ ! សូមបង្រៀន​ឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ។

តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិរិយាមាយាទរបស់ខ្លួនបានល្អត្រឹមត្រូវ?
គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំបណ្តោយឱ្យទូលបង្គំ វង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គឡើយ!
១១ទូលបង្គំរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គទុកក្នុងចិត្ត
ដើម្បីកុំឱ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
១២បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ!
១៣ទូលបង្គំរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានសម្រេចមក។
១៤ទូលបង្គំមានអំណរដោយបានអនុវត្តតាមដំបូន្មានរបស់ព្រះអង្គ
ប្រៀបដូចជាទូលបង្គំបានទទួលទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែរ។
១៥ទូលបង្គំនឹងពិចារណាអំពីច្បាប់របស់ព្រះអង្គ
ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
១៦ទូលបង្គំពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះអង្គ
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ! សូមបង្រៀន​ឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ។

កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ…ព្រះអង្គទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់ (ហប ៥,៧)។

បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ ! សូមរក្សាជំហានរបស់ទូលបង្គំឱ្យរឹងមាំតាមមាគ៌ា​របស់ព្រះអង្គ។

(ក)

(បទពាក្យ ៧)

២-ឱព្រះអម្ចាស់សូមសណ្តាប់ទូលបង្គំប្រាប់សំណូមពរ
ដ៏ត្រឹមល្អត្រូវស្រស់បវរសូមរកយុត្តិធម៌ឱ្យរូបខ្ញុំ
សូមយកព្រះហឫទ័យវែកញែកនិងសូរសម្រែកទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំដែលអង្វរសុំដោយត្រង់ស្មោះ
៣-សូមរកយុត្តិធម៌ឱ្យខ្ញុំផងកុំបីសៅហ្មងឬបង់បោះ
សូមព្រះអង្គទតឱ្យច្បាស់ចុះអ្វីទៅដែលខុសអ្វីត្រឹមត្រូវ
ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ហើយព្រះអង្គត្រាស់ពិនិត្យនូវ
ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅមិនឃើញអាស្រូវឬឆ្គាំឆ្គង
៤-ទូលបង្គំខំយកចិត្តទុកដាក់តាមបន្ទូលជាក់ព្រះអង្គផង
ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មងដូចមនុស្សយង់ឃ្នងឯទៀតឡើយ
៥-ទូលបង្គំខំដើរតាមមាគ៌ានៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ
ក៏បោះជំហានដើរតាមក្រោយដោយមិនថ្លោះធ្លោយលំអៀងបែរ
៦-ឱព្រះអម្ចាស់នៃខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ
ហៅរកព្រះម្ចាស់មិនបែកបែរសូមកុំងាករេផ្ទៀងព្រះកាណ៌
៧-ព្រះអង្គតែងតែសង្គ្រោះអ្នកដែលមកជ្រកស្នាក់ដោយមេត្តា
ក្រោមម្លប់បារមីដ៏អស្ចារ្យឱ្យរួចពីការគាបសង្កត់
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមរក្សាជំហានរបស់ទូលបង្គំឱ្យរឹងមាំតាមមាគ៌ា​របស់ព្រះអង្គ។

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! សូមតើនឡើង សូមសង្រ្គោះទូលបង្គំផង។

(ខ)

សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
សូមកុំឱ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំឱ្យខ្មាំងសត្រូវមកឡោមព័ទ្ធ ប្រល័យជីវិតទូលបង្គំបានឡើយ។
១០អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកសុទ្ធតែពាក្យអួតព្រហើន
១១ពួកគេដេញតាមទូលបង្គំទាន់ គេឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ
១២ពួកគេប្រៀបបីដូចជាសិង្ហដែលរង់ចាំតែហែកស៊ី
គេដូចជាសត្វសាហាវដែលពួនចាំចាប់រំពា។
១៣ឱព្រះអម្ចាស់អើយ! សូមតើនឡើង!
សូមយាងទៅប្រឈមមុខនឹងពួកគេ ឱ្យពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំ
ឱ្យរួចពីកណ្តាប់ដៃរបស់ជនពាល។
១៤ឱព្រះអម្ចាស់អើយ! សូមព្រះអង្គយកឫទ្ធិបារមីរបស់ព្រះអង្គ
ដេញពួកគេចេញពីចំណោមមនុស្សលោក។
សូមដាក់ទោសពួកគេឱ្យវិនាសអន្តរាយ
សូមឱ្យពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង អស់មួយជីវិត តាំងពីកូនរហូតដល់ចៅ។
១៥ចំពោះទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតាមសេចក្តីសុចរិត
ទូលបង្គំនឹងឃើញព្រះភក្ត្រព្រះអង្គ ពេលទូលបង្គំភ្ញាក់ពីដំណេក
ទូលបង្គំនឹងស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមតើនឡើង សូមសង្រ្គោះទូលបង្គំផង។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១សល ១,១៣-១៤

ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឱ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឱ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ថា​នឹង​ទទួល​ព្រះ‌អំណោយ​ទាន ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យ​បង‌ប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រីស្តនឹង​សម្ដែង​ព្រះ‌អង្គ ឱ្យ​មនុស្ស​លោក​ឃើញ។ ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា ដែល​បង‌ប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះ‌អង្គនោះ​ឡើយ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូល‌បង្គំឱ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ។
—សូម​បង្រៀន​ទូល‌បង្គំអំពី​ផ្លូវ​របស់​ព្រះ‌អង្គ​ផង។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ព្រះអង្គជាសេចក្តីពិត ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា ដើម្បីនាំសេចក្តីស្រឡាញ់ទៅដល់អស់អ្នកបាបដែលបានឃ្លាតឆ្ងាយពីព្រះអង្គ ឱ្យមករួមគ្នាជាធ្លុងតែ​មួយវិញ។ សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ ដើម្បីរួមគ្នាកសាងសន្តិភាពក្នុងពិភពលោកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១សល ១,១៥-១៦

ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ព្រះអង្គវិសុទ្ធយ៉ាងណា ​បង​ប្អូន​ក៏​ត្រូវតែវិសុទ្ធក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ដ្បិតក្នុងគម្ពីរ​មាន​ចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ»។

បន្ទរ៖ សូម​ឱ្យ​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គប្រព្រឹត្ត​អំពើ​សុចរិត​ជា‌និច្ច។
—ហើយ​ឱ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ ដ៏មានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! នៅពេលសម្រាកថ្ងៃត្រង់នេះ សូមព្រះអង្គប្រទានពរដល់កិច្ចការដែលយើងខ្ញុំបានចាប់ផ្តើម។ សូមកែប្រែការខ្វះខាតរបស់យើងខ្ញុំ ហើយ​សូមជួយណែនាំកិច្ចការរបស់យើងខ្ញុំឱ្យបានសម្រេច ស្របតាមព្រះហឫទ័យរបស់ ព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យក ៤,៧-៨ក.១០

ដូច្នេះ សូម​បង‌ប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​បង‌ប្អូន​វិញ​ដែរ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

បន្ទរ៖ ព្រះ‌អម្ចាស់​តាម​ថែ‌រក្សា​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។
—គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ដើម្បីសង្រ្គោះមនុស្សទាំងអស់ ព្រះអង្គបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានគាប់ព្រះហឫទ័យព្រះអង្គ និងបានប្រកាសពីការសង្រ្គោះរបស់ព្រះអង្គទៅដល់ពិភពលោកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាមែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

47 Views

Theme: Overlay by Kaira