រដូវធម្មតា
សន្តម៉ាតាំង ជាអភិបាលនៅក្រុងទួរ
(បុណ្យរំឭកចាំបាច់)
ថ្ងៃអង្គារ អាទិត្យទី៣២
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៥
បន្ទរទី១៖ នៅទីនេះមានបុរសម្នាក់ ដែលពាក្យសម្តីមិនអាចបរិយាយប្រាប់អស់បាន។ សេចក្តីស្លាប់មិនអាចយកឈ្នះគាត់បានទេ។ គាត់មិនខ្លាចសេចក្តីស្លាប់ ហើយក៏មិនព្រមរស់ដែរ។
| ១ | ឱព្រះអម្ចាស់អើយ តើនរណាអាចស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គបាន? តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គបាន? |
| ២ | គឺមានតែមនុស្សឥតសៅហ្មងដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិត ដែលមាននៅក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។ |
| ៣ | គេមិននិយាយមួលបង្កាច់ មិនធ្វើបាបអ្នកដទៃ ហើយក៏មិនបង្អាប់បង្អោនកិត្តិយសបងប្អូនរួមជាតិរបស់ខ្លួនដែរ។ |
| ៤ | គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់មិនគាប់ព្រះហឫទ័យនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជានិច្ច។ |
| ៥ | គេឱ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ នៅទីនេះមានបុរសម្នាក់ ដែលពាក្យសម្តីមិនអាចបរិយាយប្រាប់អស់បាន។ សេចក្តីស្លាប់មិនអាចយកឈ្នះគាត់បានទេ។ គាត់មិនខ្លាចសេចក្តីស្លាប់ ហើយក៏មិនព្រមរស់ដែរ។
ទំនុកតម្កើងលេខ ១១២
បន្ទរទី២៖ បពិត្រព្រះអម្ចាស់ ! ប្រសិនបើប្រជារាស្រ្តព្រះអង្គនៅតែត្រូវការទូលបង្គំ ទូលបង្គំត្រៀមខ្លួនរួចជាស្រេច ចំពោះកិច្ចការដែលព្រះអង្គដាក់ឱ្យទូលបង្គំធ្វើ។
(បទពាក្យ ៧)
| ១- | អ្នកអោនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
| ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
| ២- | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
| ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
| ៣- | ក្នុងផ្ទះមនុស្សដែលចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
| សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ | |
| ៤- | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
| ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
| ៥- | មនុស្សដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
| ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
| ៦- | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
| មនុស្សគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
| ៧- | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនមានល្បិច | |
| មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
| ៨- | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
| ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត | ។ | |
| ៩- | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
| ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ | |
| ១០- | ពេលជនអាក្រក់ឃើញដូច្នោះ | ចិត្តគេទោមនស្សខាំធ្មេញផង | |
| បាក់ធ្លាក់ទឹកចិត្តខូចបំណង | ពុំសម្រេចម្តងណាសោះឡើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! ប្រសិនបើប្រជារាស្រ្តព្រះអង្គនៅតែត្រូវការទូលបង្គំ ទូលបង្គំត្រៀមខ្លួនរួចជាស្រេច ចំពោះកិច្ចការដែលព្រះអង្គដាក់ឱ្យទូលបង្គំធ្វើ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣ខ-៤)
បន្ទរទី៣៖ សន្តម៉ាតាំងជាអភិបាល បានលះបង់អ្វីៗក្នុងពិភពលោកនេះ ជាពន្លឺដែលរះបំភ្លឺក្នុងចំណោមលោកបូជាចារ្យ ឥឡូវនេះ លោករស់នៅជាមួយព្រះគ្រីស្តអស់កល្បជានិច្ច។
| ៣ | «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ សន្តម៉ាតាំងជាអភិបាល បានលះបង់អ្វីៗក្នុងពិភពលោកនេះ ជាពន្លឺដែលរះបំភ្លឺក្នុងចំណោមលោកបូជាចារ្យ ឥឡូវនេះ លោករស់នៅជាមួយព្រះគ្រីស្តអស់កល្បជានិច្ច។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៥,១-៤)
ចំពោះព្រឹទ្ធាចារ្យដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រីស្ត និងជាអ្នករួមទទួលសិរីរុងរឿងដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថាៈ សូមមើលថែរក្សាហ្វូងចៀមដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកម្រៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។ កុំប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកឱ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។ ពេលគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
បន្ទរ៖ នេះគឺជាបុរសម្នាក់ដែលស្រឡាញ់បងប្អូនរបស់គាត់ *ហើយតែងតែអធិដ្ឋានឱ្យពួកគេជានិច្ច។ បន្ទរឡើងវិញ៖…
-គាត់ចំណាយពេលផ្ទាល់ខ្លួនក្នុងការបម្រើពួកគេ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ លោកអភិបាលដ៏មានសុភមង្គលម្នាក់នេះ បានស្រឡាញ់ព្រះគ្រីស្តអស់ពីកម្លាំងរបស់គាត់ ហើយលោកគ្មានការភ័យខ្លាចចំពោះអ្នកគ្រប់គ្រងផែនដីឡើយ។ ទោះបីលោកមិនបានស្លាប់ដូចសេចក្តីស្លាប់របស់មរណសាក្សីក្តី ក៏អ្នកប្រកាសជំនឿដ៏វិសុទ្ធនេះ បានឈ្នះធាងទន្សែនៃមរណសាក្សីដែរ។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ លោកអភិបាលដ៏មានសុភមង្គលម្នាក់នេះ បានស្រឡាញ់ព្រះគ្រីស្តអស់ពីកម្លាំងរបស់គាត់ ហើយលោកគ្មានការភ័យខ្លាចចំពោះអ្នកគ្រប់គ្រងផែនដីឡើយ។ ទោះបីលោកមិនបានស្លាប់ដូចសេចក្តីស្លាប់របស់មរណសាក្សីក្តី ក៏អ្នកប្រកាសជំនឿដ៏វិសុទ្ធនេះ បានឈ្នះធាងទន្សែនៃមរណសាក្សីដែរ។
ពាក្យអង្វរសកល
យើងខ្ញុំសូមលើកតម្កើងព្រះគ្រីស្ត ដែលបានប្រទានតេជានុភាព និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ ហើយយើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គជារៀងរហូត។
ព្រះគ្រីស្តជាកម្លាំងរបស់យើង ព្រះអង្គបានត្រាស់ហៅអ្នកជឿ ឱ្យស្គាល់ពីសេចក្តីពិតរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានឱ្យពួកគេមានជំនឿ និងចិត្តតស៊ូផង។ (បន្ទរ)
សូមព្រះអង្គជួយតម្រង់ផ្លូវមេដឹកនាំ ឱ្យបានស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
—សូមព្រះអង្គជួយដល់មេដឹកនាំទាំងនេះ ឱ្យចេះរក្សាសន្តិភាព និងស្វែងរកផលប្រយោជន៍រួមផង។ (បន្ទរ)
ព្រះអង្គបានប្រទាននំប៉័ងដល់បណ្តាជនដែលស្រេកឃ្លាន
—សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះចែករំលែកធនធានរបស់ខ្លួន ទៅដល់អ្នកដែលខ្វះខាតផង។ (បន្ទរ)
សូមព្រះអង្គកុំបណ្តោយឱ្យមេដឹកនាំពិភពលោក យកចិត្តទុកដាក់តែចំពោះតម្រូវការរបស់ប្រជាជាតិខ្លួនប៉ុណ្ណោះ
—ប៉ុន្តែ សូមឱ្យអស់លោកទាំងនោះ ចេះគោរព និងខ្វល់ខ្វាយពីតម្រូវការរបស់ប្រជាជនទាំងអស់ផង។ (បន្ទរ)
សូមព្រះអង្គប្រោសប្រទានសុភមង្គល និងការរស់ឡើងវិញ ដល់បងប្អូនយើងខ្ញុំដែលបានទទួលមរណភាព
—ហើយសូមឱ្យអ្នកជឿលើព្រះអង្គបានទទួលសិរីរុងរឿងពីព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! សន្តម៉ាតាំងជាអភិបាលបានលើកតម្កើងព្រះអង្គទាំងពេលលោកមានជីវិតរស់នៅ ទាំងពេលលោកទទួលមរណភាព។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមទ្រង់បង្ហូរព្រះហឫទ័យប្រណីសន្តោសដ៏អស្ចារ្យរបស់ព្រះអង្គ ជ្រាបចូលក្នុងដួងចិត្តយើងខ្ញុំ និងសូមកុំឱ្យការរស់នៅ ឬសេចក្តីស្លាប់ នាំយើងខ្ញុំឱ្យឃ្លាតឆ្ងាយពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
