(រំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់?
តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? (រ៉ូម ១១,៣៤)។

បន្ទរទី១ ៖ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ដូច្នេះ គឺ​អស្ចារ្យ​ពេកដែល​ទូលបង្គំមិន​អាច​យល់​បាន​ឡើយ។

(ក)

បពិត្រព្រះអម្ចាស់! ព្រះអង្គឈ្វេងយល់ដល់ជម្រៅចិត្តទូលបង្គំ
ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។
ព្រះអង្គជ្រាបពេលណាទូលបង្គំអង្គុយ ពេលណាទូលបង្គំក្រោកឈរ
ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ ជាមុនស្រេចទៅហើយ។
ព្រះអង្គជ្រាបពេលណាទូលបង្គំធ្វើការ ពេលណាទូលបង្គំសម្រាក
ព្រះអង្គជ្រាបច្បាស់នូវអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត។
បពិត្រព្រះអម្ចាស់! ពាក្យសម្តីមិនទាន់ចេញពីមាត់ទូលបង្គំផង
ព្រះអង្គក៏ជ្រាបសេចក្តីដែលទូលបង្គំបម្រុងនឹងនិយាយនោះរួចស្រេចទៅហើយ។
ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។
ទូលបង្គំសែនកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ
គឺអស្ចារ្យពេកណាស់ ទូលបង្គំមិនអាចយល់បានឡើយ។
តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?
តើទូលបង្គំគេចចេញទៅណាឱ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គបាន?
បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ
បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។
ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ
ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក៏ដោយ
១០ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ
ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គដែរ។
១១ប្រសិន​បើ​ទូលបង្គំពោល​ថា: «សូម​ឱ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ
ហើយ​សូម​ឱ្យ​ពន្លឺថ្ងៃ​ដែល​នៅ​ជុំវិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!» ។
១២ប៉ុន្តែ ចំពោះ​ព្រះអង្គ ទោះ​បី​ងងឹត​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​ភ្លឺដដែល
គឺ​យប់​ភ្លឺដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ដូច្នេះ គឺ​អស្ចារ្យ​ពេកដែល​ទូលបង្គំមិន​អាច​យល់​បាន​ឡើយ។

បន្ទរទី២ ៖ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ។ យើង​នឹង​តប​ស្នង​ឱ្យមនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

(ខ)

(បទពាក្យ ៧)

១៣-ព្រះអង្គបង្កើតរូបខ្ញុំមកហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ
អ្នកម្តាយមានគុណយូរខែថ្ងៃសន្តោសប្រណីគ្រប់ៗគ្រា
១៤-ទូលបង្គំសូមថ្កើងព្រះអង្គស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ
ខ្ញុំដឹងថាអ្វីគ្រប់ប្រការសុទ្ធតែអស្ចារ្យកើតពីទ្រង់
១៥-ពេលទូលបង្គំចាប់កំណើតនៅក្នុងទីស្ងាត់លាក់កំបាំង
ក៏មិនអាចពួននឹងព្រះអង្គអ្វីៗក៏ទ្រង់ជ្រាបទាំងអស់
១៦-កាលទូលបង្គំមិនទាន់មានរូបកាយមាំមួនសាច់ឈាមស្រស់
ព្រះអង្គទតខ្ញុំឃើញទាំងអស់ឥតមានចន្លោះត្រង់ណាឡើយ
ព្រះអង្គកំណត់ពេលវេលាអាយុសង្ខារខ្ញុំរួចហើយ
កត់ទុកជាស្រេចមិនកន្តើយមុននឹងដល់ថ្ងៃនោះមកទៀត
១៧-បពិត្រព្រះម្ចាស់ព្រះតំរិះព្រះអង្គជ្រៅជ្រះជាងសមុទ្រ
ខ្ពស់ហួសអាកាសវេហាស៍ផុតមិនអាចកំណត់ដឹងចំនួន
១៨-ប្រសិនបើចិត្តខ្ញុំចង់រាប់ក៏មិនអាចគ្រប់ទាំងអស់បាន
ពីការអស្ចារ្យទាំងប៉ុន្មានមានចំនួនច្រើនជាងគ្រាប់ខ្សាច់
២៣-ឱព្រះម្ចាស់អើយសូមពិនិត្យឱ្យបានស្គាល់ចិត្តផុតកង្វល់
ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ដើម្បីបានយល់អ្វីខ្ញុំគិត
២៤-សូមព្រះជាម្ចាស់ទ្រង់ទតមើលខ្ញុំមិនបានដើរខុសពីក្រឹត្យ
ជួយដឹកនាំខ្ញុំឱ្យជួបជិតមាគ៌ាប្រណីតនៅអស់កល្ប
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ។ យើង​នឹង​តប​ស្នង​ឱ្យមនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។

១២ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព
អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
១៦ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។
២០ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់
នៅលើផែនដី និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។

ប្រសិនបើយើងកាន់តាមវិន័យរបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ អ្នកណាពោលថា “ខ្ញុំស្គាល់ព្រះអង្គហើយ” តែមិនកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្តីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះគ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្តីនេះ គឺអ្នកណាអះអាងថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។

បន្ទរ៖ សូមរក្សាទូល‌បង្គំ *ដូចរក្សាប្រស្រី‌ភ្នែក។ បន្ទរឡើងវិញ៖…
-សូមការពារទូល‌បង្គំដូចសត្វស្លាបក្រុងកូនរបស់វា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ! ជាព្រះបរមគ្រូដ៏ជាទីស្រឡាញ់របស់នាងខ្ញុំ គឺព្រះអង្គដែលបានប្រទានជ័យជម្នះមកនាងខ្ញុំ នៅកណ្តាលចំណោមនៃទុក្ខវេទនាទាំងនេះ។ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គត្រាស់ហៅនាងខ្ញុំ ឱ្យចូលទៅក្នុងសុភមង្គលដែលមិនចេះស្លាប់ រួមជាមួយព្រះអង្គផង។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ! ជាព្រះបរមគ្រូដ៏ជាទីស្រឡាញ់របស់នាងខ្ញុំ គឺព្រះអង្គដែលបានប្រទានជ័យជម្នះមកនាងខ្ញុំ នៅកណ្តាលចំណោមនៃទុក្ខវេទនាទាំងនេះ។ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គត្រាស់ហៅនាងខ្ញុំ ឱ្យចូលទៅក្នុងសុភមង្គលដែលមិនចេះស្លាប់ រួមជាមួយព្រះអង្គផង។

យើងខ្ញុំសូមលើកតម្កើងព្រះបិតា ដែលមានព្រះហឫទ័យមេត្តា​ករុណាចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយចិត្តអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យអស់អ្នកដែលសង្ឃឹមលើព្រះអង្គ មានអំណរសប្បាយឡើង។

បពិត្រព្រះអម្ចាស់! សូមព្រះអង្គនឹកចាំថា ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកក្នុងពិភពលោកនេះ ដើម្បីសង្រ្គោះ មិនមែនមកវិនិច្ឆ័យទោសមនុស្សលោកទេ
—សូមឱ្យការសោយទិវង្គតរបស់ព្រះអង្គនាំយើងខ្ញុំមកកាន់ការសង្រ្គោះផង។ (បន្ទរ)

ព្រះអង្គបានតែងតាំងអស់លោកបូជាចារ្យឱ្យបម្រើព្រះគ្រីស្ត និងព្រះអំណោយទានដ៏អស្ចារ្យរបស់ព្រះអង្គ
—សូមប្រទានឱ្យពួកគាត់មានចិត្តស្មោះត្រង់ ប្រាជ្ញា​ឈ្លាសវៃ និងមានសេចក្តីស្រឡាញ់ផង។ (បន្ទរ)

ព្រះអង្គបានត្រាស់ហៅបុរស និងស្ត្រីឱ្យមានព្រហ្មចរិយធម៌សម្រាប់ព្រះរាជ្យរបស់ព្រះអង្គ
—សូមឱ្យពួកគេមានចិត្តស្មោះត្រង់ដើរតាមព្រះបុត្រារបស់ព្រះអង្គ។ (បន្ទរ)

ពីដើមដំបូង ព្រះអង្គមានព្រះហឫទ័យចង់ឱ្យស្វាមីភរិយា ក្លាយទៅជារូបកាយតែមួយ
—សូមព្រះអង្គប្រទានឱ្យក្រុមគ្រួសារទាំងអស់ រួមរស់ជាមួយគ្នាដោយសេចក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រនឹងគ្នាផង។ (បន្ទរ)

ព្រះអង្គបានចាត់ព្រះគ្រីស្តយេស៊ូឱ្យមកក្នុងលោកនេះ ដើម្បីលើកលែង​ទោសមនុស្សឱ្យរួចពីបាប
—សូមព្រះអង្គរំដោះបាបរបស់អស់មរណបុគ្គលផង។ (បន្ទរ)

ឱព្រះអម្ចាស់យើងខ្ញុំ ! ព្រះអង្គប្រោសឱ្យសន្តីអាហ្កាថថ្វាយខ្លួនទាំងស្រុងទៅព្រះអង្គជាព្រហ្មចារិនី និងមានចិត្តក្លាហានហ៊ានបូជាជិវិត។ សូមព្រះអង្គមេត្តាស្តាប់ពាក្យអង្វររបស់សន្តីអាហ្កាថសម្រាប់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

67 Views

Theme: Overlay by Kaira