ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ បានសុខសាន្តលើសលប់។

១៦១ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយគ្មានមូលហេតុ
មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឱ្យទូលបង្គំភ័យខ្លាច។
១៦២ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ
ដូចអ្នកទទួលជយភណ្ឌដ៏មានតម្លៃលើសលប់ដូច្នោះដែរ។
១៦៣ទូលបង្គំស្អប់ខ្ពើមការកុហក
ទូលបង្គំស្រឡាញ់តែធម្មវិន័យរបស់ព្រះអង្គប៉ុណ្ណោះ។
១៦៤ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង
ព្រោះតែការសម្រេចដ៏សុចរិតរបស់ព្រះអង្គ។
១៦៥អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គបានសុខសាន្តលើសលប់
គ្មានអ្វីអាចធ្វើឱ្យគេជំពប់ដួលបានឡើយ។
១៦៦បពិត្រព្រះអម្ចាស់! ទូលបង្គំរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។
១៦៧ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ
ទូលបង្គំស្រឡាញ់ដំបូន្មាននេះពិតមែន។
១៦៨ទូលបង្គំប្រព្រឹត្តតាមច្បាប់ និងតាមដំបូន្មានរបស់ព្រះអង្គ
អ្វីៗដែលទូលបង្គំបានធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ បានសុខសាន្តលើសលប់។

យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះ‌ជាម្ចាស់… (១យហ ៤,៧)។

បន្ទរទី២ ៖ អ្នក​ជឿ​ទាំង​អំបាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ។

(បទពាក្យ ៧)

១-បងប្អូនទាំងអស់ចេះរួមរស់ចេះស្រួលចេះស្រុះរស់នឹងគ្នា
គឺល្អប្រពៃឥតគណនាសប្បាយអស្ចារ្យត្រេកត្រអាល
២-គឺប្រៀបបីដូចជាទឹកអប់ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល
មកពុកចង្កាហើយរាលដាលចុះមកដោយអាវលោកអរ៉ុន
៣-ប្រៀបបីដូចជាធ្លាក់សន្សើមពីហ៊ែម៉ូនភ្នំនិងស៊ីយ៉ូន
ជាកន្លែងព្រះម្ចាស់ប្រទានជីវិតឱ្យមានអស់កល្បកប្ប
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ អ្នក​ជឿ​ទាំង​អំបាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ។

“ឥឡូវនេះ ជិតដល់ពេលកំណត់ ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាបហើយ” (មថ ២៦,៤៥)។

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់! ។

ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំឱ្យរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ។
អ្នកទាំងនោះ គិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ!
អណ្តាតរបស់គេប្រៀបបាននឹងដាវដ៏មុត
មាត់របស់គេពោរពេញទៅដោយពិសពុល ដូចពស់វែក។
ឱព្រះអម្ចាស់អើយ!
សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់!
សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ ដែលឃុបឃិតគ្នាចង់ផ្តួលរំលំទូលបង្គំ!
មនុស្សអួតបំប៉ោងនាំគ្នាបង្កប់ចំរូង និងដាក់ខ្សែចាំទាក់ទូលបង្គំ
ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្តៅចាំចាប់ទូលបង្គំ។
ខ្ញុំទូលព្រះអម្ចាស់ថា ៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!”
ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំទទូចអង្វរ!
បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះដោយព្រះចេស្តារបស់ព្រះអង្គ
នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។
ឱព្រះអម្ចាស់អើយ!
សូមកុំឱ្យសេចក្តីប៉ងប្រាថ្នារបស់មនុស្សអាក្រក់បានសម្រេចឡើយ
ហើយក៏កុំបណ្តោយឱ្យផែនការរបស់គេបានជោគជ័យដែរ។
១៣ខ្ញុំដឹងថា ព្រះអម្ចាស់រកយុត្តិធម៌ឱ្យមនុស្សកំសត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។
១៤ពិតមែនហើយ! មនុស្សសុចរិតនឹងនាំគ្នាលើកតម្កើងព្រះនាមរបស់ព្រះអង្គ
មនុស្សសុចរិតនឹងរស់នៅមុខព្រះភក្ត្រព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់! ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១២,១៧ក.១៩ខ-២១

កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង គឺយើង​ទេ​តើដែល​នឹង​តប​ទៅ​គេ” ។ ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​ឱ្យ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​ឱ្យ​ទឹក​គេ​ផឹក​ផង ធ្វើដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”»។ មិន​ត្រូវ​ចាញ់​ការ​អាក្រក់​ឡើយ គឺ​ត្រូវ​ឈ្នះ​ការ​អាក្រក់ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

បន្ទរ៖ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!។
—ព្រះអង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិតស្ថេរ​អស់​កល្បជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមការលើកលែងទោសពីព្រះអង្គសម្រាប់អំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្តកាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅ​ពេល​អនាគតផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរ​សប្បាយ ដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែង​តរៀងទៅ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១យហ ៣,១៦

យើងស្គាល់សេចក្តីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។

បន្ទរ៖ ចូរ​អរព្រះគុណព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​មានព្រះ‌ហឫទ័យ​សប្បុរស។
—ព្រះ‌ហឫទ័យ​ស្រឡាញ់របស់​ព្រះ‌អង្គ​ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់នៅលើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀង​ទៅ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១យហ ៤,៩-១១

ព្រះជាម្ចាស់​បាន​សម្ដែង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បុត្រាតែ​មួយ​គត់​របស់​ព្រះ‌អង្គ​ឱ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឱ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។ សេចក្ដីស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឱ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឱ្យ​រួច​ពី​បាប​ផង។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កម្រិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​យើង​ខ្ញុំ។
—សូម​ព្រះ‌អង្គ​ព្រះ​សន្ដោស​ទត​មក​ព្រះរាជា ដែល​ព្រះអង្គ​បាន​ចាក់ប្រេង​អភិសេក!។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបានសង្គ្រោះចោរដែលកែប្រែចិត្តគំនិតនៅលើឈើឆ្កាង ចេញពីការរងទុក្ខទៅកាន់អំណរសប្បាយក្នុងព្រះរាជ្យរបស់ព្រះអង្គ។
បពិត្រព្រះអម្ចាស់ ! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលទទួលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

48 Views

Theme: Overlay by Kaira