រដូវធម្មតា
(សន្តប្លែស ជាអភិបាល និងជាមរណសាក្សី
ឬ សន្តអង់ហ្សែរ ជាអភិបាលព្រះសហគមន៍)
ថ្ងៃចន្ទ សប្ដាហ៍ទី៤
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងនាំគ្នាស្រែកច្រៀងដោយអំណរថ្វាយព្រះអម្ចាស់ ! ។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩០
សូមឱ្យយើងខ្ញុំរស់នៅក្នុងរស្មីពន្លឺរបស់ព្រះជាម្ចាស់
នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ (២សល ៣,៨)។
បន្ទរទី១ ៖ សូមសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះយើងខ្ញុំតាំងពីព្រលឹម។
១ | បពិត្រព្រះអម្ចាស់ ! ព្រះអង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ តាំងពីដើមរៀងមក។ |
២ | មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាព្រះជាម្ចាស់ តាំងពីអស់កល្បរៀងមក។ |
៣ | ព្រះអង្គធ្វើឱ្យមនុស្សលោកវិលត្រឡប់ទៅជាធូលីដីវិញ គឺព្រះអង្គមានព្រះបន្ទូលថា ពូជពង្សរបស់អដាំអើយ! ចូរវិលទៅវិញទៅ! ” |
៤ | ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចមួយយាមក្នុងពេលយប់។ |
៥ | ព្រះអង្គដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាននឹងការយល់សប្តិប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ |
៦ | នៅពេលព្រឹក វាដុះចេញមក ហើយលូតលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្ងួតអស់ទៅ។ |
៧ | យើងខ្ញុំត្រូវវិនាស ដោយសារព្រះពិរោធរបស់ព្រះអង្គ យើងខ្ញុំញ័ររន្ធត់ ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។ |
៨ | ព្រះអង្គយកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះព្រះភក្ត្រព្រះអង្គ ពន្លឺរបស់ព្រះអង្គចាំងឱ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។ |
៩ | ដោយសារព្រះអង្គព្រះពិរោធ ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ អាយុជីវិតត្រូវចប់ដូចមួយដង្ហើម។ |
១០ | អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និងជួបតែទុក្ខលំបាក អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្តីស្លាប់។ |
១១ | តើនរណាស្គាល់កម្លាំងនៃព្រះពិរោធរបស់ព្រះអង្គ? តើនរណាអាចស្គាល់ព្រះពិរោធនេះ ដើម្បីគោរពកោតខ្លាចព្រះអង្គយ៉ាងត្រឹមត្រូវបាន? |
១២ | សូមណែនាំយើងខ្ញុំឱ្យដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីឱ្យយើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា។ |
១៣ | ឱព្រះអម្ចាស់អើយ ! សូមមេត្តាយាងមកវិញ ! តើព្រះអង្គនៅបង្អង់ដល់ណាទៀត ? សូមអាណិតមេត្តាយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គផង ! |
១៤ | សូមសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយអស់មួយជីវិត។ |
១៥ | ព្រះអង្គបានធ្វើឱ្យយើងខ្ញុំកើតទុក្ខអស់រយៈពេលយ៉ាងយូរ យើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា សូមប្រោសប្រទានឱ្យយើងខ្ញុំ មានអំណរសប្បាយច្រើនឆ្នាំយ៉ាងនោះដែរ។ |
១៦ | សូមសម្តែងឱ្យយើងខ្ញុំឃើញការសង្គ្រោះរបស់ព្រះអង្គ សូមសម្តែងឱ្យយើងខ្ញុំឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។ |
១៧ | ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! សូមសម្តែងសេចក្តីស្រឡាញ់ចំពោះយើងខ្ញុំផង! សូមពង្រឹងកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន ពិតមែនហើយ សូមជួយពង្រឹងកិច្ចការរបស់យើងខ្ញុំបានខ្ជាប់ខ្ជួនរហូតតទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះយើងខ្ញុំតាំងពីព្រលឹម។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤២,១០-១៦)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះ និងជាព្រះមានជ័យជម្នះ
អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក… (វវ ១៤,៣)។
បន្ទរទី២ ៖ អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់ !
(បទពាក្យ ៧)
១០- | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ | ទាំងអ្នកដែលរស់នៅទីឆ្ងាយ | |
ផ្លូវទឹកផ្លូវគោកកោះទាំងឡាយ | តម្កើងម្ចាស់ថ្លៃកុំបង្អង់ | ។ | |
១១- | អ្នកភូមិក្នុងវាលរហោស្ថាន | អ្នកក្រុងប៉ុន្មានស្រែករំពង | |
ទាំងកុលសម្ពន្ធអ្នកភ្នំផង | ស្រែកឱ្យខ្លាំងឡើងកុំប្រណី | ។ | |
១២- | នាំគ្នាតម្កើងសិរីយស | របស់ព្រះម្ចាស់ទាំងយប់ថ្ងៃ | |
តាមភូមិកៀនកោះជិតឆ្ងាយក្តី | តម្កើងម្ចាស់ថ្លៃដោយរីករាយ | ។ | |
១៣- | ព្រះម្ចាស់ស្រឡាញ់ប្រជាជន | ព្រះអង្គពេកពន់មិនជិនណាយ | |
ពេលដែលទ្រង់យាងចេញទៅឆ្ងាយ | ព្រះអម្ចាស់ថ្លៃដូចអ្នកច្បាំង | ។ | |
ព្រះអង្គយាងចេញយ៉ាងអង់អាច | ការពារឥតខ្លាចជារនាំង | ||
វាយសម្រុកលើសត្រូវខ្មាំង | ទទួលបានទាំងជ័យជម្នះ | ។ | |
១៤- | ព្រះអង្គមានព្រះបន្ទូលថា | យើងចាំវេលាមកយូរណាស់ | |
ឥឡូវដល់ពេលយើងប្រកាស | ឱ្យបានដឹងច្បាស់ពេលនេះម្តង | ។ | |
១៥- | យើងនឹងបំផ្លាញទាំងភ្នំធំ | ភ្នំតូចរលំមិនសល់ផង | |
រុក្ខជាតិក្រៀមស្វិតទាំងទឹកបឹង | ប្រែជាគោករឹងរីងឥតសល់ | ។ | |
១៦- | មនុស្សខ្វាក់ប្រាកដជាអាចដើរ | គេធ្វើដំណើរមិនអំពល់ | |
ទៅតាមផ្លូវដែលគេមិនស្គាល់ | ជាកន្លែងដែលមិនធ្លាប់ដើរ | ។ | |
យើងនឹងធ្វើឱ្យយប់ងងឹត | បែរជាភ្លឺពិតយ៉ាងប្រសើរ | ||
ផ្លូវទួលគន្លុកបានរាបស្មើ | ប្រជាជនដើរទៅសុខហោង | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់ !
ទំនុកតម្កើងលេខ ១៣៥,១-១២
ចូរសរសើរតម្កើងព្រះជាម្ចាស់ចំពោះស្នាព្រះហស្តដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើសម្រាប់យើង
បងប្អូនជាប្រជារាស្ត្រដែលព្រះជាម្ចាស់ បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ (១សល ២,៩)។
បន្ទរទី៣ ៖ អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ !
១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់ ! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ ! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ ! |
២ | អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ! |
៣ | ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។ |
៤ | ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។ |
៥ | ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។ |
៦ | បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចបានទាំងអស់ ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។ |
៧ | ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់ ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។ |
៨ | ព្រះអង្គប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។ |
៩ | ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។ |
១០ | ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ |
១១ | គឺព្រះបាទស៊ីហុនជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។ |
១២ | ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេឱ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យឌ ៨,២៥-២៧)
យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ ជាព្រះរបស់យើង ដែលព្រះអង្គល្បងលយើង ដូចព្រះអង្គល្បងលបុព្វបុរសយើងដែរ។ ចូរនឹកគិតពីការទាំងប៉ុន្មានដែលព្រះអង្គបានប្រព្រឹត្ត ដើម្បីល្បងលលោកអប្រាហាំ លោកអ៊ីសាក! ចូរនឹកគិតដល់អ្វីៗដែលកើតឡើងចំពោះលោកយ៉ាកុប នៅស្រុកមេសូប៉ូតាមី កាលលោកឃ្វាលចៀមលោកឡាបាន់ ជាឪពុកមារបស់លោក។ ព្រះអង្គប្រើភ្លើង ដើម្បីល្បងលចិត្តអស់លោក ប៉ុន្តែ ព្រះអង្គមិនបានប្រព្រឹត្តចំពោះយើងដូចអស់លោកទេ ព្រះអង្គមិនដាក់ទោសយើងឡើយ គឺព្រះអង្គគ្រាន់តែដាស់តឿនថា ព្រះអង្គតែងតែធ្វើទោសអស់អ្នកដែលមកនៅជិតព្រះអង្គ»។
បន្ទរ៖ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ! *មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ដ្ររបស់ព្រះអង្គ។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ដ្ររបស់ព្រះអង្គ។
ពាក្យអង្វរសកល
ព្រះគ្រីស្តសណ្តាប់ពាក្យអធិដ្ឋាន និងសង្រ្គោះអស់អ្នកដែលមានសេចក្តីសង្ឃឹមលើព្រះអង្គ យើងខ្ញុំសូមទូលអង្វរថា៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ និងសង្ឃឹមលើព្រះអង្គ។
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង
—និងសម្រាប់សេចក្តីស្រឡាញ់ដ៏លើសលប់ដែលព្រះអង្គបានស្រឡាញ់យើងខ្ញុំ។ (បន្ទរ)
ព្រះអង្គតែងតែធ្វើការរួមជាមួយព្រះបិតានៅក្នុងពិភពលោកនេះ
—សូមព្រះអង្គធ្វើឱ្យអ្វីៗទាំងអស់ថ្មីឡើង តាមរយៈឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)
សូមព្រះអង្គបើកភ្នែករបស់យើងខ្ញុំ និងភ្នែករបស់បងប្អូនយើងខ្ញុំ
—ដើម្បីឱ្យមើលឃើញពីការអស្ចារ្យរបស់ព្រះអង្គនៅថ្ងៃនេះផង។ (បន្ទរ)
ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ដើម្បីបម្រើព្រះអង្គនៅថ្ងៃនេះ
—សូមព្រះអង្គប្រទានឱ្យយើងខ្ញុំធ្វើជាអ្នកបម្រើតាមព្រះអំណោយទានរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ ជាព្រះបង្កើតយើងខ្ញុំ ! ព្រះអង្គបានប្រទានផែនដីឱ្យយើងខ្ញុំទុកសម្រាប់បង្កបង្កើតផល ហើយបានប្រទានព្រះអាទិត្យ ដើម្បីបម្រើរាល់តម្រូវការរបស់យើងខ្ញុំ។
សូមព្រះអង្គជួយយើងខ្ញុំក្នុងថ្ងៃនេះ សម្រាប់សិរីរុងរឿងរបស់ព្រះអង្គ និងសម្រាប់សេចក្តីល្អដល់អ្នកជិតខាងរបស់យើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។