ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ! សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា។

១២១ទូលបង្គំប្រព្រឹត្តអំពើសុចរិតយុត្តិធម៌
សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។
១២២សូមធានាឱ្យទូលបង្គំដែលជាអ្នកបម្រើព្រះអង្គ បានសេចក្តីសុខសាន្តផង
សូមកុំទុកឱ្យមនុស្សអួតបំប៉ោងសង្កត់សង្កិនទូលបង្គំ។
១២៤សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា
សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គផង!
១២៥ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណាផង!
ដើម្បីឱ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។
១២៦បពិត្រព្រះអម្ចាស់! ដល់ពេលព្រះអង្គយាងមកសង្គ្រោះហើយ
ដ្បិតគេបានរំលោភលើធម្មវិន័យរបស់ព្រះអង្គ។
១២៧ទូលបង្គំស្រឡាញ់វិន័យរបស់ព្រះអង្គលើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។
១២៨ទូលបង្គំយល់ឃើញថា ច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
ទូលបង្គំស្អប់ការអាក្រក់គ្រប់បែបយ៉ាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ! សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា។

បងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែន! (១សល ២,៣)។

បន្ទរទី២ ៖ អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ‌អង្គ អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។

(ក)

(បទកាកគតិ)

២-ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
៣-ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
៤-សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងនាំគ្នីគ្នា
តម្កើងព្រះអង្គ
៥-ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់
ទ្រង់បានរំដោះខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មង
ឆ្លងផុតទាំងអស់
៦-អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ
៧-អស់អ្នកកំសត់និងមនុស្សទុរគតគេស្រែកដង្ហោយ
ហៅរកព្រះអង្គទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច
៨-ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាច
រក្សាការពារគេក្រោមអំណាចរំដោះឱ្យរួច
ផុតពីទុក្ខភ័យ
៩-ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល
១០-ឱប្រជារាស្ត្ររបស់ព្រះម្ចាស់ចូរកោតខ្លាចដល់
ព្រះម្ចាស់នៃយើងបានសុខឥតខ្វល់មិនជួបអំពល់
ឬខ្វះខាតអ្វី
១១-អ្នកមានមុខជាជួបទុក្ខវេទនាខ្វះម្ហូបចំណី
តែអ្នកដែលស្វែងរកព្រះម្ចាស់ថ្លៃនឹងមិនខ្វះអ្វី
សុខសាន្តតទៅ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ‌អង្គ អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។

បន្ទរទី៣ ៖ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត។

(ខ)

១២កូនចៅអើយ! ចូរនាំគ្នាស្តាប់ពាក្យខ្ញុំ
ខ្ញុំនឹងប្រៀនប្រដៅអ្នកឱ្យចេះគោរពកោតខ្លាចព្រះអម្ចាស់
១៣តើមាននរណាចង់បានអាយុវែង និងចង់រស់នៅប្រកបដោយសុភមង្គលឬទេ?
១៤ចូរទប់អណ្តាតកុំពោលពាក្យអាក្រក់ និងចៀសវាងនិយាយបោកបញ្ឆោត!។
១៥ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។
១៦ព្រះអម្ចាស់តែងតែរំពៃមើលមនុស្សសុចរិត
ព្រះអង្គក៏យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេ។
១៧ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់
កុំឱ្យមាននរណានឹកនាដល់ពួកគេទៀតឡើយ។
១៨ពេលមនុស្សសុចរិតស្រែករកព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យគេ
ព្រះអង្គរំដោះពួកគេឱ្យរួចពីគ្រោះកាចទាំងប៉ុន្មាន។
១៩ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។
២០មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឱ្យរួចផុតគ្រប់ពេលវេលា។
២១ព្រះអង្គតាមថែរក្សាគេជានិច្ច គ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
២២អំពើអាក្រក់តែងបណ្តាលឱ្យមនុស្សពាលបាត់បង់ជីវិត
អ្នកដែលប្រឆាំងនឹងមនុស្សសុចរិត តែងតែទទួលទោសពុំខាន។
២៣ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ
អស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១សម ១៥,២២

«តើ​ព្រះអម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ»។

បន្ទរ៖ អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ថ្វាយ​ពាក្យអរ​ព្រះ‌គុណ​ទុក​ជាតង្វាយ។
—ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នកដែល​ដើរ​តាម​មាគ៌ា​របស់​យើង។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ! សូមព្រះអង្គចាត់ពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួចផុតពីគ្រោះថ្នាក់របស់ខ្មាំងសត្រូវទាំងឡាយ ហើយយើងខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គ ដោយអំណរសប្បាយផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៥,២៦.៦,២

យើង​មិន​ត្រូវ​អួត​បំប៉ោង រក​រឿង​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈ្នានីស​គ្នា​នោះ​ឡើយ។ ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើយ៉ាង​នេះ ទើប​បង‌ប្អូន​បំពេញ​តាម​វិន័យ​របស់​ព្រះ‌គ្រីស្តទាំង​ស្រុង។

បន្ទរ៖ ការ​ដែល​បង‌ប្អូន​នៅ​រួម​រស់​ជា​មួយ​គ្នា គឺ​ជា​ការ​ល្អ​ប្រពៃ និងសប្បាយ​ក្រៃលែង។
—ជា​កន្លែង​ដែល​ព្រះអម្ចាស់​ប្រទាន​ព្រះពរ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏រីករាយនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) មីក ៦,៨

ឱមនុស្សអើយ! គេបានប្រៀនប្រដៅអ្នកឱ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ានៃព្រះរបស់អ្នក។

បន្ទរ៖ ទូល‌បង្គំពេញ​ចិត្ត​នឹង​វិន័យរបស់​ព្រះ‌អង្គខ្លាំងណាស់។
—ទូលបង្គំមិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះអម្ចាស់!

47 Views

Theme: Overlay by Kaira