ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំមានជីវិត។

១១៣ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ
តែទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ។
១១៤ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ
ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
១១៥មនុស្សអាក្រក់អើយ! ចូរនាំគ្នាចេញឱ្យឆ្ងាយពីខ្ញុំទៅ!
ទុកឱ្យខ្ញុំប្រតិបត្តិតាមធម្មវិន័យនៃព្រះរបស់ខ្ញុំ!
១១៦សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំមានជីវិត
សូមកុំឱ្យសេចក្តីសង្ឃឹមរបស់ទូលបង្គំ ប្រែទៅជាខកចិត្តឡើយ។
១១៧សូមធ្វើជាបង្អែកសម្រាប់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានរួចជីវិត
ហើយផ្ចង់ចិត្តទៅរកក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។
១១៨ព្រះអង្គបោះបង់ចោលអស់អ្នក ដែលវង្វេងចេញឆ្ងាយពីក្រិត្យវិន័យរបស់ព្រះអង្គ
ដ្បិតអ្វីៗដែលពួកគេធ្វើ សុទ្ធតែជាការបោកបញ្ឆោត។
១១៩ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅលើផែនដីចោល ដូចកម្ទេចសម្រាម
ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ដំបូន្មានរបស់ព្រះអង្គ។
១២០រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ
ទូលបង្គំគោរពកោតខ្លាចសេចក្តីដែលព្រះអង្គបានសម្រេច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំមានជីវិត។

«យេរូ‌សាឡឹម​អើយ! គួរ​ឲ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ (លក ១៩,៤២)។

បន្ទរទី២ ៖ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ ! សូមយាងមកជួយយើងខ្ញុំ និង​លើក‌លែង​ទោស​យើង​ខ្ញុំ​ឱ្យ​រួច​ពី​បាបផង។

(បទពាក្យ ៧)

១-បពិត្រព្រះជាអម្ចាស់អើយជនជាតិទាំងឡាយចូលឈ្លានពាន
វិហារវិសុទ្ធត្រូវរុករានសាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ
២-សាកសពអ្នកបម្រើព្រះអង្គត្រូវគេបោះបង់ឱ្យសត្វស៊ី
សាកសពអ្នកជឿពេញធរណីត្រូវតិរច្ឆានស៊ីជាអាហារ
៣-គេបានសម្លាប់ប្រជាជនជុំវិញទីក្រុងគ្មានមេត្តា
ឈាមរាស្ត្រហូរក្រាលពសុធាចាស់ក្មេងមរណាគ្មានអ្នកកប់
៤-អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថឥតល្ហែគេលែងរាប់
គេសើចចំអកឡកឡឺយសព្វរូបខ្ញុំគេស្អប់គេមើលងាយ
៥-ឱ ព្រះជាម្ចាស់ទូលបង្គំម្តេចទ្រង់សំងំដូចជិនណាយ
តើថ្ងៃណាទៅទើបទ្រង់ស្រាយពិរោធឱ្យឆ្ងាយមកស្រោចស្រង់
៨-សូមកុំចាប់ទោសយកកំហុសព្រោះបុព្វបុរសខ្ញុំតែម្តង
មេត្តាលើកទោសកំហុសឆ្គងអាណិតខ្ញុំផងដ្បិតលិចលង់
៩-ឱព្រះជាម្ចាស់ព្រះសង្គ្រោះសូមទ្រង់យាងចុះកុំបង្អង់
ដោយយល់សិរីដ៏រឿងរុងមេត្តាព្រះអង្គជួយផងណា
១០-ហេតុអ្វីបានជាទ្រង់បណ្តោយជាតិផ្សេងៗឱ្យមកពោលថា
តើព្រះគេនោះនៅឯណាសូមទ្រង់មេត្តាដាក់ទោសចុះ
១១-សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួចលាន់ឮក្រលួចគួរស្រណោះ
សូមប្រើបារមីជួយរំដោះអ្នកដែលមានទោសដល់មរណា
១៣-ឯពួកយើងខ្ញុំដែលជារាស្ត្រដូចចៀមទាំងអស់របស់ទ្រង់
នាំគ្នាតម្កើងលើកព្រះអង្គអស់កល្បយូរលង់អង្វែងទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ ! សូមយាងមកជួយយើងខ្ញុំ និង​លើក‌លែង​ទោស​យើង​ខ្ញុំ​ឱ្យ​រួច​ពី​បាបផង។

ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។

បន្ទរទី៣ ៖ ឱព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ! សូម​ទត​មើល​ពី​ស្ថាន​បរមសុខ​មក ! សូម​យាង​មក​ជួយ​ចម្ការ​ទំពាំង‌បាយ‌ជូរ​នេះ​ផង !

ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង
ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម
ព្រះអង្គគង់នៅលើពួកខេរូប៊ីម! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ
សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងមាណាសេឃើញ
សូមយាងមកសង្គ្រោះយើងខ្ញុំផង!
ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!
បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! តើព្រះអង្គទ្រង់ព្រះពិរោធ
មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត?
ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។
ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ
ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។
ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។
ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក
ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។
១០ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក
១១ម្លប់នៃទំពាំងបាយជូរនោះគ្របដណ្តប់ទៅលើភ្នំនានា
ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។
១២ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ
ហើយមានពន្លកលាស់ចេញមករហូតទៅដល់ទន្លេអឺប្រាត។
១៣ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ
បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ?
១៤ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ
សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។
១៥ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ!
សូមទតមើលពីស្ថានបរមសុខមក!
សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
១៦សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់
គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង!
១៧សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ
ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។
១៨សូមដាក់ព្រះហស្តលើស្តេច ដែលគង់នៅខាងស្តាំព្រះអង្គ
គឺលើបុត្រមនុស្ស ដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។
១៩យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ
សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង
នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។
២០ឱព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ! សូម​ទត​មើល​ពី​ស្ថាន​បរមសុខ​មក ! សូម​យាង​មក​ជួយ​ចម្ការ​ទំពាំង‌បាយ‌ជូរ​នេះ​ផង !

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ប្រាញ ១៩,២២

បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​លើក​តម្កើង​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ឱ្យ​មាន​សិរី​រុង‌រឿង​ក្នុង​គ្រប់​ប្រការ! ព្រះ‌អង្គ​បាន​ជួយ​ទំនុក​បម្រុង​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ គ្រប់​ពេល​វេលា និង​នៅ​គ្រប់​ទី​កន្លែង​ផង។

បន្ទរ៖ មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ធ្វើការ​អស្ចារ្យ។
—ព្រះ‌អង្គ​បាន​សម្ដែង​ឫទ្ធា‌នុភាពឱ្យ​ជាតិ​សាសន៍​នានា​ឃើញ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគេជួបជុំគ្នាអធិដ្ឋាននៅពេលព្រឹក។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះចែករំលែកនូវសេចក្តីស្រឡាញ់ និងជីវិត ដែលព្រះវិញ្ញាណបានផ្តល់មកយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ៤,៧

តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះ‌អង្គ?

បន្ទរ៖ ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គ។
—ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សម្រែកទូល‌អង្វរ​របស់​គេ។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អធ.ក្រ ១០,៦

ប្រជាជាតិរបស់ខ្ញុំ គឺប្រជាជនអ៊ីស្រាអែលដែលស្រែកអង្វរព្រះជាម្ចាស់ ហើយព្រះអង្គក៏សង្គ្រោះពួកគេ។ ព្រះជាម្ចាស់បានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់បានរំដោះយើងខ្ញុំឱ្យរួចពីគ្រោះកាចទាំងនោះ! ព្រះជាម្ចាស់បានសម្តែងទីសម្គាល់ និងបាដិហារិយ៍យ៉ាងអស្ចារ្យ មិនដែលកើតមានដូច្នេះ ក្នុងចំណោមជាតិសាសន៍ដទៃឡើយ។

បន្ទរ៖ ឱព្រះអម្ចាស់អើយ! ទូល‌បង្គំនឹង​លើក​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះអង្គបាន​ឆ្លើយ​តប​មក​ទូល‌បង្គំ។
—ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្តអំណត់ អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹងការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

50 Views

Theme: Overlay by Kaira