(រំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ នាងព្រហ្មចារិនីរបស់ព្រះគ្រីស្ត មិនអាចត្រូវបំបាក់ដោយការភ័យខ្លាច ឬក៏យកឈ្នះ ដោយការបោកបញ្ឆោតបានឡើយ។

ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ
ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។
មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖
“ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!”
ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។
ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។
ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។
ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់
ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។
ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នាងព្រហ្មចារិនីរបស់ព្រះគ្រីស្ត មិនអាចត្រូវបំបាក់ដោយការភ័យខ្លាច ឬក៏យកឈ្នះ ដោយការបោកបញ្ឆោតបានឡើយ។

បន្ទរទី២ ៖ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំផ្ញើជីវិតទាំងស្រុង។ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំឱ្យសេចក្តីស្រឡាញ់មិនអាចកាត់ថ្លៃបាន។

(បទព្រហ្មគីតិ)

១០-ទោះជាខ្ញុំពោលថារស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ
គង់តែរូបខ្ញុំនេះមិនចោលព្រះសង្ឃឹមជាប់
១១-ពេលខ្ញុំមានកង្វល់ចិត្តខ្វាយខ្វល់មិនបានស្ងប់
ខ្ញុំពោលឡើងគ្រប់សព្វថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១២-តើខ្ញុំអាចយកអ្វីតបព្រះទ័យម្ចាស់ថ្កើងថ្កាន
ដែលព្រះអម្ចាស់បានប្រោសគ្រប់ប្រាណបានសមរម្យ
១៣-គឺខ្ញុំត្រូវលើកពែងទាំងថ្លាថ្លែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំយើងស្រែកសុំរកព្រះម្ចាស់
១៤-ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយក្រាបសំពះ
លាបំណន់ពីព្រះជាអម្ចាស់មុខប្រជា
១៥-ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តស្លាប់វេទនា
ជនវិសុទ្ធគ្រប់គ្នាទ្រង់ការពារមិនស្លាប់ឡើយ
១៦-ឱព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយខ្ញុំបានស្បើយពីមរណា
១៧-ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតាព្រះបុត្រាខ្ពស់ពេកពន់
១៨-ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលបានបន់ដល់ព្រះអង្គ
១៩-គឺនៅក្នុងទីធ្លាព្រះវិហារស្រស់បំព្រង
ស្ថិតនៅកណ្តាលក្រុងសូមផ្ចិតផ្ចង់លើកតម្កើង
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំផ្ញើជីវិតទាំងស្រុង។ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំឱ្យសេចក្តីស្រឡាញ់មិនអាចកាត់ថ្លៃបាន។

បន្ទរទី៣ ៖ នាងខ្ញុំសូមអរព្រះគុណព្រះអង្គ ជាព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រីស្តរបស់នាងខ្ញុំ ដ្បិតព្រះអង្គបានធ្វើឱ្យអ្នកបម្រើរបស់ព្រះអង្គមានជ័យជម្នះ ដោយសារទ្រង់។

១១“បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង
ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។
១២នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នាងខ្ញុំសូមអរព្រះគុណព្រះអង្គ ជាព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រីស្តរបស់នាងខ្ញុំ ដ្បិតព្រះអង្គបានធ្វើឱ្យអ្នកបម្រើរបស់ព្រះអង្គមានជ័យជម្នះ ដោយសារទ្រង់។

ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីក‌រាយ​ឡើង ព្រោះ​បង‌ប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត។ បង‌ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះ‌អង្គ​បង្ហាញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។ ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បង‌ប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រីស្ត នោះ​បង‌ប្អូន​មាន​សុភមង្គលហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុង​រឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ស្ថិត​នៅ​លើ​បង‌ប្អូន។

បន្ទរ៖ ព្រះអម្ចាស់បានជ្រើសរើសនាងដ៏ជាទីស្រឡាញ់ *តាំងពីមុនដំបូងមកម្ល៉េះ។ បន្ទរឡើងវិញ៖…
—ព្រះអង្គបានយកនាងឱ្យមករស់នៅជាមួយព្រះអង្គ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ សន្តីអាញេសលើកដៃរបស់នាងឡើង ហើយទូលថា ៖ បពិត្រព្រះបិតាដ៏វិសុទ្ធ! សូមព្រះអង្គមេត្តាសណ្តាប់ពាក្យអង្វររបស់នាងខ្ញុំ នាងខ្ញុំនឹងទៅឯព្រះអង្គ ដែលនាងខ្ញុំបានស្រឡាញ់ និងស្វែងរក ហើយតែងតែប្រាថ្នាចង់បាន។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ សន្តីអាញេសលើកដៃរបស់នាងឡើង ហើយទូលថា ៖ បពិត្រព្រះបិតាដ៏វិសុទ្ធ! សូមព្រះអង្គមេត្តាសណ្តាប់ពាក្យអង្វររបស់នាងខ្ញុំ នាងខ្ញុំនឹងទៅឯព្រះអង្គ ដែលនាងខ្ញុំបានស្រឡាញ់ និងស្វែងរក ហើយតែងតែប្រាថ្នាចង់បាន។

ចូរយើងកោតសរសើរព្រះគ្រីស្ត ដែលជាគង្វាល និងជាអង្គរក្សការពារព្រលឹងរបស់យើង។ ព្រះអង្គស្រឡាញ់ និងការពារប្រជារាស្ត្ររបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តជឿសង្ឃឹមថា៖

បន្ទរ៖ ឱព្រះជាអម្ចាស់អើយ! សូមព្រះអង្គការពារប្រជារាស្រ្តព្រះអង្គផង។

ព្រះគ្រីស្តជាអ្នកគង្វាលអស់កល្បជានិច្ច សូមព្រះអង្គជួយការពារលោក… ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
—និងជួយការពារអ្នកគង្វាលទាំងអស់នៅក្នុងព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលត្រូវគេបៀតបៀន ដោយសារជំនឿរបស់ខ្លួន
—សូមព្រះអង្គប្រញាប់ប្រញាល់រំដោះអ្នកទាំង​នោះ ឱ្យរួចចាកផុតពីគ្រោះកាចទាំងឡាយផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលខ្វះខាត
—សូមប្រទានអាហារដល់អ្នកដែលស្រេកឃ្លានផង។ (បន្ទរ)

សូមព្រះអង្គមេត្តាបំភ្លឺដល់អស់អ្នកតាក់តែងច្បាប់ទាំងអស់
—ឱ្យអនុម័តច្បាប់តាមវិញ្ញាណនៃព្រះប្រាជ្ញាញាណ និងយុត្តិធម៌ផង។ (បន្ទរ)

សូមព្រះអង្គទទួលវិញ្ញាណក្ខ័ន្ធរបស់បងប្អូនយើងខ្ញុំ ដែលព្រះអង្គបានលោះដោយព្រះលោហិតបស់ព្រះអង្គ
—សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំក្នុងពិធីមង្គលការកូនចៀមផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គតែងតែគាំទ្រមនុស្សទន់ខ្សោយឱ្យមានកម្លាំង ហ៊ានប្រឈមមុខនឹងអ្នកមានអំណាច។ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យកំណើតនៅស្ថានបរមសុខរបស់សន្តីអាញេស ដែលបានបូជាជីវិតថ្វាយព្រះអង្គ។ សូមព្រះអង្គពង្រឹងជំនឿរបស់យើងខ្ញុំឱ្យបានដូចសន្តីអាញេស។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

81 Views

Theme: Overlay by Kaira