ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។

បន្ទរទី១ ៖ ព្រះ‌អង្គ​ឱ្យខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី អាលេលូយ៉ា!។

ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។
ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។
ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។
ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ
ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។
ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ
ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។
ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស
មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អង្គ​ឱ្យខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី អាលេលូយ៉ា!។

គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។

បន្ទរទី២៖ ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​កណ្ដាលចំណោម​អ្នក​រាល់​គ្នា ព្រះនាម​របស់​ព្រះអង្គ​ឧត្តុង្គ‌ឧត្ដមណាស់។ អាលេលូយ៉ា!

(ក)

(បទពាក្យ ៧)

២-ព្រះម្ចាស់សម្តែងឱ្យគេស្គាល់រូបព្រះអង្គផ្ទាល់នៅយូដា
ឯអ៊ីស្រាអែលល្បីអស្ចារ្យព្រះនាមនេះណាឮឆ្ងាយក្រៃ
៣-ព្រះពន្លាជ័យល្អប៉ប្រឹមយេរូសាឡឹមក្រុងល្បាញល្បី
ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
៤-គឺទីនោះហើយទ្រង់សម្រេចព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ
គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូនធ្នូដាវមាំមួនកប់ក្នុងដី
៥-បពិត្រព្រះម្ចាស់ដ៏ឧត្តមព្រះអង្គជិតជុំដោយសិរី
រុងរឿងចិញ្ចែងចិញ្ចាចក្រៃពេលត្រឡប់វៃមកពីភ្នំ
៦-ទ្រង់ដកអាវុធពីអ្នកច្បាំងគេហេវហត់ខ្លាំងស្ទើររលំ
ទាហានពូកែដេកសំងំមិនមកជួបជុំលែងប្រយុទ្ធ
៧-ឱព្រះនៃលោកយ៉ាកុបអើយទ្រង់គំរាមហើយគេតក់ស្លុត
រទេះចំបាំងគាំងរហូតសេះដើរមិនរួចលែងអង់អាច
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​កណ្ដាលចំណោម​អ្នក​រាល់​គ្នា ព្រះនាម​របស់​ព្រះអង្គ​ឧត្តុង្គ‌ឧត្ដមណាស់។ អាលេលូយ៉ា!

បន្ទរទី៣៖ មនុស្ស‌ម្នា​លើ​ផែន‌ដី​នៅ​ស្ងៀម​ស្ងាត់ដោយ​កោត​ខ្លាច ពេលព្រះ‌អង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស អាលេលូយ៉ា!។

(ខ)

បពិត្រព្រះអង្គ! ព្រះគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?
ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដី នៅស្ងៀមស្ងាត់ដោយកោតខ្លាច
១០នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។
១១ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ! ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
ហើយលាបំណន់ផង! ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច!
១៣ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា
ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដី តក់ស្លុត ស្ញែងខ្លាចព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ មនុស្ស‌ម្នា​លើ​ផែន‌ដី​នៅ​ស្ងៀម​ស្ងាត់ដោយ​កោត​ខ្លាច ពេលព្រះ‌អង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស អាលេលូយ៉ា!។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ៥,១-២.៥

ដោយព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងដែរ។ ព្រោះតែព្រះគ្រីស្ត និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួន ទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ មកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។

បន្ទរ៖ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់រហូត​ត​ទៅ។
—ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ អស់‌កល្ប​ជាអង្វែង​ត​រៀង​ទៅ។
ពាក្យអធិដ្ឋាន

 

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ៨,២៦

យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋានដូច​ម្ដេច ដើម្បី​ឱ្យ​បាន​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ព្រះ‌អង្គ​ទូល‌អង្វរ​ឱ្យយើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។

បន្ទរ៖ ព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្តាប់ពាក្យទូលអង្វររបស់ទូលបង្គំផង។
—សូមប្រោសប្រទានឱ្យទូលបង្គំមានប្រាជ្ញា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។
ពាក្យអធិដ្ឋាន

 

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ករ ១,២១-២២

គឺ​ព្រះ‌ជាម្ចាស់ហើយ ដែល​ប្រទាន​ឱ្យ​យើង និង​បង‌ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន​លើ​ព្រះ‌គ្រីស្ត ព្រម​ទាំង​បាន​ចាក់​ប្រេង​គលើ​យើង​ផង ហើយ​ព្រះ‌អង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌អង្គ​លើ​យើង និង​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះសង្គ្រោះ​ខ្ញុំ។
—ព្រះអង្គការពារជីវិតខ្ញុំ។
ពាក្យអធិដ្ឋាន

 

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលនៅលើមេឃ និងផែនដីទាំងមូល។ សូមព្រះអង្គមេត្តាព្រះសណ្តាប់ពាក្យអង្វរប្រជារាស្រ្តព្រះអង្គ និងផ្តល់សុខសន្តិភាពដល់យើងខ្ញុំសព្វថ្ងៃនេះ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

71 Views

Theme: Overlay by Kaira