ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ សេចក្តីស្រឡាញ់ពិតជាអស្ចារ្យខ្លាំងណាស់ ! សេចក្តីស្លាប់បានស្លាប់ នៅពេលដែលគេបានសម្លាប់ជីវិតនៅលើដើមឈើ។

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជាជា​ព្រះ‌អម្ចាស់​របស់ខ្ញុំដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។
សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!
នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា :
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។
នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សេចក្តីស្រឡាញ់ពិតជាអស្ចារ្យខ្លាំងណាស់ ! សេចក្តីស្លាប់បានស្លាប់ នៅពេលដែលគេបានសម្លាប់ជីវិតនៅលើដើមឈើ។

បន្ទរទី២៖ ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមលើកតម្កើងឈើឆ្កាងរបស់ព្រះអង្គ ហើយយើងខ្ញុំនឹករឭកពីទុក្ខលំបាកដ៏រុងរឿងរបស់ព្រះអង្គ។ ព្រះអង្គបានទទួលយកការឈឺចាប់ ព្រោះតែយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំ។

(បទព្រហ្មគីតិ)

១០-ទោះជាខ្ញុំពោលថារស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ
គង់តែរូបខ្ញុំនេះមិនចោលព្រះសង្ឃឹមជាប់
១១-ពេលខ្ញុំមានកង្វល់ចិត្តខ្វាយខ្វល់មិនបានស្ងប់
ខ្ញុំពោលឡើងគ្រប់សព្វថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១២-តើខ្ញុំអាចយកអ្វីតបព្រះទ័យម្ចាស់ថ្កើងថ្កាន
ដែលព្រះអម្ចាស់បានប្រោសគ្រប់ប្រាណបានសមរម្យ
១៣-គឺខ្ញុំត្រូវលើកពែងទាំងថ្លាថ្លែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំយើងស្រែកសុំរកព្រះម្ចាស់
១៤-ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយក្រាបសំពះ
លាបំណន់ពីព្រះជាអម្ចាស់មុខប្រជា
១៥-ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តស្លាប់វេទនា
ជនវិសុទ្ធគ្រប់គ្នាទ្រង់ការពារមិនស្លាប់ឡើយ
១៦-ឱព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយខ្ញុំបានស្បើយពីមរណា
១៧-ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតាព្រះបុត្រាខ្ពស់ពេកពន់
១៨-ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលបានបន់ដល់ព្រះអង្គ
១៩-គឺនៅក្នុងទីធ្លាព្រះវិហារស្រស់បំព្រង
ស្ថិតនៅកណ្តាលក្រុងសូមផ្ចិតផ្ចង់លើកតម្កើង
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមលើកតម្កើងឈើឆ្កាងរបស់ព្រះអង្គ ហើយយើងខ្ញុំនឹករឭកពីទុក្ខលំបាកដ៏រុងរឿងរបស់ព្រះអង្គ។ ព្រះអង្គបានទទួលយកការឈឺចាប់ ព្រោះតែយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំ។

បន្ទរទី៣៖ ឱព្រះគ្រីស្តអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងកោតសរសើរព្រះអង្គ ដោយសារឈើឆ្កាងដ៏វិសុទ្ធ ព្រះអង្គបានលោះពិភពលោក។

១១«បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌នៃ​យើង​ខ្ញុំ
ព្រះ‌អង្គ​សម​នឹង​ទទួល​សិរី‌រុង​រឿង ព្រះកិត្តិនាម និង​ឫទ្ធា‌នុភាព
ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន
ហើយ​នៅ​ស្ថិត‌ស្ថេរ​ដោយ‌សារ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។
គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មីថាៈ “ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង
ហើយ​បក​ត្រា​ផង ព្រោះ​ព្រះ‌អង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា
ព្រះ‌អង្គ​បាន​លោះ​មនុស្សពី​គ្រប់​ពូជ គ្រប់​ភាសា គ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍
យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។
១០ព្រះអង្គ​បាន​ធ្វើឱ្យ​គេ​ទៅ​ជា​រាជាណាចក្រ
និង​ជា​ក្រុម​បូជាចារ្យបម្រើ​ព្រះជាម្ចាស់​របស់​យើង
ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែន‌ដី” ។
១២នាំ​គ្នា​បន្លឺសំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើយញ្ញ‌បូជា
ព្រះ‌អង្គ​សម​នឹង​ទទួល​ឫទ្ធា‌នុភាព រាជ​សម្បត្តិ ព្រះ‌ប្រាជ្ញាញាណ ឥទ្ធិ‌ឫទ្ធិ
ព្រះ‌កិត្តិនាម សិរី‌រុង​រឿង និង​ការ​សរសើរ​តម្កើង»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះគ្រីស្តអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងកោតសរសើរព្រះអង្គ ដោយសារឈើឆ្កាងដ៏វិសុទ្ធ ព្រះអង្គបានលោះពិភពលោក។

រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្តដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឱ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រីស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។

បន្ទរ៖ ឱឈើឆ្កាងដ៏រុងរឿងអើយ! *នៅលើអ្នក ព្រះមហាក្សត្រនៃពួកទេវទូតមានជ័យជម្នះ។ បន្ទរឡើងវិញ៖…
-ហើយព្រះអង្គបានលាងសម្អាតអំពើបាបរបស់យើងចេញ ក្នុងព្រះលោហិតផ្ទាល់របស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ឱឈើឆ្កាងអើយ ! អ្នកគឺជាទីសម្គាល់ដ៏រុងរឿងនៃជ័យជម្នះរបស់យើងខ្ញុំ តាមរយៈឫទ្ធានុភាពរបស់អ្នក សូមឱ្យយើងខ្ញុំអាចចូលរួមក្នុងជ័យជម្នះរបស់ព្រះគ្រីស្តយេស៊ូ !

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ឱឈើឆ្កាងអើយ ! អ្នកគឺជាទីសម្គាល់ដ៏រុងរឿងនៃជ័យជម្នះរបស់យើងខ្ញុំ តាមរយៈឫទ្ធានុភាពរបស់អ្នក សូមឱ្យយើងខ្ញុំអាចចូលរួមក្នុងជ័យជម្នះរបស់ព្រះគ្រីស្តយេស៊ូ !

ចូរយើងទូលអង្វរព្រះគ្រីស្តដោយមានជំនឿចិត្ត ដ្បិតព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! តាមរយៈឈើឆ្កាងរបស់ព្រះអង្គ សូមនាំយើងខ្ញុំទៅកាន់សិរីរុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គផង !

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានដាក់ខ្លួនមកយកឋានៈជាអ្នកបម្រើ ដូចយើងខ្ញុំ
—សូមប្រោសឱ្យប្រជារាស្រ្តព្រះអង្គដើរតាមគំរូនៃការដាក់ខ្លួនរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានបន្ទាបខ្លួនស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាង
—សូមប្រោសឱ្យអ្នកបម្រើព្រះអង្គចេះយកតម្រាប់តាមការស្តាប់បង្គាប់របស់ព្រះអង្គ និងមានឆន្ទៈទទួលយករាល់ការសាកល្បងនានា។ (បន្ទរ)

បពិត្រព្រះគ្រីស្តជាអម្ចាស់ ! ព្រះបិតាបានប្រោសព្រះអង្គឱ្យតើនឡើង ព្រមទាំងប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីទាំងអស់
—សូមឱ្យប្រជារាស្រ្តព្រះអង្គ មានចិត្តសង្ឃឹមយ៉ាងមាំអំពីការរស់ឡើងវិញ និងតស៊ូរហូតដល់ទីបំផុតផង។ (បន្ទរ)

ឱព្រះគ្រីស្តអើយ ! គ្រប់ជង្គង់នៅស្ថានបរមសុខ នៅលើផែនដី និងនៅក្រោមដី នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះនាមព្រះអង្គ
—សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់មកលើមនុស្សទាំងអស់ ដើម្បីឱ្យពួកគេអាចចូលរួមជាមួយគ្នា ក្នុងការប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! មនុស្សគ្រប់ភាសានឹងប្រកាសថា ព្រះអង្គជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា
—សូមព្រះអង្គស្វាគមន៍បងប្អូនយើងខ្ញុំ ដែលបានទទួលមរណភាពទៅហើយ ឱ្យចូលទៅក្នុងអំណរសប្បាយនៃព្រះរាជ្យអស់កល្បជានិច្ចផង។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាតែមួយរបស់ព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍។ ដូចយើងខ្ញុំបានយល់ពីគម្រោងការដ៏អស្ចារ្យនេះ នៅលើផែនដីយ៉ាងណា សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទទួលការសង្គ្រោះ ក្នុងស្ថានបរមសុខយ៉ាងនោះដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

62 Views

Theme: Overlay by Kaira