ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ លោក​យ៉ូហាន​មក​ដល់ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹកនៅ​វាល​រហោ‌ស្ថាន។ លោក​ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ‌ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។

(ក)

ហាលេលូយ៉ា! ចូរ​សរសើរ​តម្កើងព្រះ‌នាម​ព្រះ‌អម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។
ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ពូជ‌ពង្ស​លោក​យ៉ាកុប
ហើយ​ព្រះអង្គ​យក​ជន​ជាតិ​អ៊ីស្រាអែលធ្វើ​ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះ‌អង្គ។
ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។
បើ​ព្រះអម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វី
ព្រះ‌អង្គ​នឹង​សម្រេច​ការ​នោះនៅ​លើ​ផ្ទៃ​មេឃ និង​ផែន‌ដី
នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។
ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់
ហើយ​ព្រះ‌អង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ឲ្យ​បក់​បោក​មក​ដែរ។
ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយនៅ​ស្រុក​អេស៊ីប
គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។
ព្រះអង្គ​សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗនៅ​ស្រុក​អេស៊ីប
ដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្តេច។
១០ព្រះអង្គ​បាន​វាយ​ប្រហារ​ប្រជាជាតិ​ជា​ច្រើន ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​ស្តេច​ដ៏​ខ្លាំង​ពូកែ
១១គឺ​ព្រះបាទ​ស៊ីហុន ជា​ស្តេច​ស្រុក​អាម៉ូរី ព្រះ‌បាទ​អុក​ជា​ស្តេច​ស្រុក​បាសាន
និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​កាណាន
១២ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ ឲ្យ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះ‌អង្គទុក​ជា​មត៌ក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លោក​យ៉ូហាន​មក​ដល់ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹកនៅ​វាល​រហោ‌ស្ថាន។ លោក​ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ‌ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។

បន្ទរទី២៖ ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក រីឯ​លោក​វិញ លោក​នឹង​ធ្វើពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

(ខ)

(បទកាកគតិ)

១៣-បពិត្រព្រះម្ចាស់ព្រះនាមរបស់ព្រះអង្គគង់វង្ស
ជារៀងរហូតល្បីល្បាញយូរលង់ត្រចះត្រចង់
អស់កល្បគ្រប់គ្រា
១៤-ដ្បិតព្រះអង្គរកយុត្តិធម៌នាំមកឲ្យរាស្រ្តប្រជា
ព្រះអង្គអាណិតអាសូរគ្រប់គ្នាអស់កូនចៅជា
អ្នកស្ម័គ្របម្រើ
១៥-ព្រះផ្សេងឯទៀតជាព្រះមិនពិតកើតពីមនុស្សធ្វើ
ពីមាសពីប្រាក់ពីស្ពាន់ពីឈើអ្វីសព្វសារពើ
ជាព្រះក្លែងក្លាយ
១៦-ព្រះនោះមានមាត់បើកបិទមិនកើតមិនអាចនិយាយ
មាត់ដែលជាងឆ្លាក់គេដាក់មកឲ្យភ្នែកដែលមានហើយ
តែបើកមិនរួច
១៧-ត្រចៀកក៏មានតែស្តាប់មិនបានដូចត្រចៀកខូច
ស្រេចតែជាងធ្វើតាមធំតាមតូចខ្យល់ចូលមិនរួច
ដង្ហើមក៏គ្មាន
១៨-សូមឲ្យអស់អ្នកដែលខំសូនឆ្លាក់ឥតមានស្រាកស្រាន្ត
ធ្វើព្រះក្លែងក្លាយមានទាំងប៉ុន្មានឲ្យពួកគេបាន
ដូចព្រះទាំងនោះ
១៩-អ៊ីស្រាអែលអើយកុំនៅកន្តើយនាំគ្នាទាំងអស់
ខំលើកតម្កើងព្រះជាអម្ចាស់ទាំងពូជរបស់
លោកអរ៉ុនផង
២០-គ្រួសារលេវីចូរមកមូលមីរសរសើរផ្គូផ្គង
និងអ្នកដែលធ្លាប់គោរពព្រះអង្គសរសើរថ្កើងថ្កាន
ព្រះម្ចាស់នៃយើង
២១-ចូរយើងនាំគ្នាគ្រប់ៗអង្គាមូលផ្តុំតម្កើង
ព្រះជាអម្ចាស់គង់ភ្នំស៊ីយ៉ូននិងនៅក្នុងក្រុង
យេរូសាឡឹម
សូមកោតសរសើរដល់ព្រះបិតាព្រះរាជបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក រីឯ​លោក​វិញ លោក​នឹង​ធ្វើពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

បន្ទរទី៣ ៖ ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះ‌អង្គ​ទត​ឃើញ​ផ្ទៃមេឃ​រហែក​ជា​ពីរ។

១៦ព្រះគ្រីស្ត​យាង​មក​មាន​ឋានៈ​ជា​មនុស្ស ព្រះអង្គ​សុចរិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ
ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ទេវទូត​ឃើញ គេ​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​ចំណោមជាតិ​សាសន៍​នានា
គេ​បាន​ជឿ​លើ​ព្រះ‌អង្គ​ក្នុង​ពិភព‌លោក ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះ‌អង្គ​ឡើងឲ្យ​មាន​សិរី‌រុង​រឿង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះ‌អង្គ​ទត​ឃើញ​ផ្ទៃមេឃ​រហែក​ជា​ពីរ។

បង‌ប្អូន​ជ្រាប​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុ‌ការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលី‌ឡេ គឺបន្ទាប់​ពី​ពេល​ដែល​លោក​យ៉ូហានបាន​ប្រកាស​ឲ្យ​បណ្ដាជន​ទទួល​ពិធី​ជ្រមុជ​ទឹក។ បង‌ប្អូន​បាន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ចាក់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​ឫទ្ធា‌នុភាព អភិសេក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ បង‌ប្អូន​ក៏​ជ្រាប​ដែរ​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារសង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌អង្គ។ យើង​ជា​បន្ទាល់​អំពី​កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើគុត​ព្រះ‌អង្គ ដោយ​ព្យួរ​នៅ​លើឈើ។

បន្ទរ៖ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើងខ្ញុំ ! *សូម​ព្រះ‌អង្គ​ទ្រង់ព្រះ​សណ្ដាប់សម្រែក និង​ពាក្យ​អធិដ្ឋាន​របស់ប្រជាជនព្រះអង្គផង។ បន្ទរឡើងវិញ៖…
—សូមព្រះអង្គបើកប្រភព​ទឹក​ដែលផ្តល់​ជីវិតឱ្យពួកគេ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ព្រះសង្រ្គោះនៃយើងបានយាងមកទទួលពិធីជ្រមុជទឹក ដើម្បីឱ្យអគ្គសញ្ញាជ្រមុជទឹកដែលព្រះអង្គបានបង្កើត អាចជួយស្រោចស្រង់មនុស្សលោកឱ្យទទួលជីវិតថ្មី។ សូមព្រះអង្គព្យាបាលយើងខ្ញុំឱ្យជាសះស្បើយ ពីអំពើបាបដើម និងបំពាក់យើងខ្ញុំនូវភាពដ៏វិសុទ្ធដែលមិនអាចកាត់ថ្លៃបាន។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះសង្រ្គោះនៃយើងបានយាងមកទទួលពិធីជ្រមុជទឹក ដើម្បីឱ្យអគ្គសញ្ញាជ្រមុជទឹកដែលព្រះអង្គបានបង្កើត អាចជួយស្រោចស្រង់មនុស្សលោកឱ្យទទួលជីវិតថ្មី។ សូមព្រះអង្គព្យាបាលយើងខ្ញុំឱ្យជាសះស្បើយ ពីអំពើបាបដើម និងបំពាក់យើងខ្ញុំនូវភាពដ៏វិសុទ្ធដែលមិនអាចកាត់ថ្លៃបាន។

ព្រះសង្រ្គោះយើងខ្ញុំសព្វព្រះហឫទ័យទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ ចូរយើងទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឱ្យមកសណ្ឋិតលើយើងខ្ញុំ !

ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលព្រះបិតាទទួលស្គាល់ព្រះ‌អង្គ​ថា ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!
—សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឱ្យមកសណ្ឋិតលើយើងខ្ញុំ។ (បន្ទរ)

ព្រះគ្រីស្តជាអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ព្រះអង្គពុំបានបំបាក់ដើមត្រែង ឬពន្លត់ភ្លើងដែលកំពុងឆេះនោះឡើយ
—សូមអាណិតអាសូរដល់អស់អ្នកដែលកំពុងស្វែងរកព្រះអង្គ ដោយសេចក្តីជំនឿផង។ (បន្ទរ)

ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលព្រះបិតាបានត្រាស់ហៅព្រះអង្គឱ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិនានា ក្នុងសម្ពន្ធមេត្រីថ្មី
—សូមព្រះអង្គបើកភ្នែកអ្នកខ្វាក់ ដោយអគ្គសញ្ញាជ្រមុជទឹកផង។ (បន្ទរ)

ព្រះគ្រីស្តជាព្រះសង្រ្គោះនៃមនុស្សលោក ដែលព្រះបិតាបានចាក់ប្រេងអភិសេកព្រះអង្គ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ សម្រាប់ព្រះរាជ្យកិច្ចនៃការសង្រ្គោះ
—សូមព្រះអង្គដឹកនាំមនុស្សជាតិឱ្យសម្លឹងមើលព្រះអង្គ និងជឿលើព្រះអង្គ ដើម្បីឱ្យពួកគេអាចមានជីវិតរស់នៅអស់កល្បជានិច្ច។ (បន្ទរ)

ព្រះគ្រីស្តជាទីសង្ឃឹមរបស់យើង ព្រះអង្គបាននាំមនុស្សដែលស្ថិតក្នុងទីងងឹត ឱ្យមកកាន់ពន្លឺនៃការសង្រ្គោះ
—សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំដែលបានលាចាកលោកនេះ ទៅឯព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឲ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលទទួលពិធីជ្រមុជទឹក ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

91 Views

Theme: Overlay by Kaira