បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៣៥
បន្ទរទី១៖ នៅមុនពេលថ្ងៃរះ ឬពេលវេលាចាប់ផ្តើម ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះបិតា ជាព្រះអម្ចាស់សង្រ្គោះនៃយើង បានបង្ហាញរូបរាងនៅលើផែនដីក្នុងថ្ងៃនេះ។
(ក)
| ១ | ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! |
| ២ | អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ |
| ៣ | ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។ |
| ៤ | ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប ហើយព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជាជនផ្ទាល់របស់ព្រះអង្គ។ |
| ៥ | ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអម្ចាស់របស់យើង ព្រះអង្គប្រសើរលើសព្រះទាំងប៉ុន្មាន។ |
| ៦ | បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចការនោះនៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។ |
| ៧ | ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយព្រះអង្គក៏បានបញ្ចេញខ្យល់ឲ្យបក់បោកមកដែរ។ |
| ៨ | ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ |
| ៩ | ព្រះអង្គសម្ដែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។ |
| ១០ | ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ |
| ១១ | គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន |
| ១២ | ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ នៅមុនពេលថ្ងៃរះ ឬពេលវេលាចាប់ផ្តើម ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះបិតា ជាព្រះអម្ចាស់សង្រ្គោះនៃយើង បានបង្ហាញរូបរាងនៅលើផែនដីក្នុងថ្ងៃនេះ។
បន្ទរទី២៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអង្គប្រសើរលើសព្រះទាំងប៉ុន្មាន។
(ខ)
(បទកាកគតិ)
| ១៣- | បពិត្រព្រះម្ចាស់ | ព្រះនាមរបស់ | ព្រះអង្គគង់វង្ស |
| ជារៀងរហូត | ល្បីល្បាញយូរលង់ | ត្រចះត្រចង់ | |
| អស់កល្បគ្រប់គ្រា | ។ | ||
| ១៤- | ដ្បិតព្រះអង្គរក | យុត្តិធម៌នាំមក | ឲ្យរាស្រ្តប្រជា |
| ព្រះអង្គអាណិត | អាសូរគ្រប់គ្នា | អស់កូនចៅជា | |
| អ្នកស្ម័គ្របម្រើ | ។ | ||
| ១៥- | ព្រះផ្សេងឯទៀត | ជាព្រះមិនពិត | កើតពីមនុស្សធ្វើ |
| ពីមាសពីប្រាក់ | ពីស្ពាន់ពីឈើ | អ្វីសព្វសារពើ | |
| ជាព្រះក្លែងក្លាយ | ។ | ||
| ១៦- | ព្រះនោះមានមាត់ | បើកបិទមិនកើត | មិនអាចនិយាយ |
| មាត់ដែលជាងឆ្លាក់ | គេដាក់មកឲ្យ | ភ្នែកដែលមានហើយ | |
| តែបើកមិនរួច | ។ | ||
| ១៧- | ត្រចៀកក៏មាន | តែស្តាប់មិនបាន | ដូចត្រចៀកខូច |
| ស្រេចតែជាងធ្វើ | តាមធំតាមតូច | ខ្យល់ចូលមិនរួច | |
| ដង្ហើមក៏គ្មាន | ។ | ||
| ១៨- | សូមឲ្យអស់អ្នក | ដែលខំសូនឆ្លាក់ | ឥតមានស្រាកស្រាន្ត |
| ធ្វើព្រះក្លែងក្លាយ | មានទាំងប៉ុន្មាន | ឲ្យពួកគេបាន | |
| ដូចព្រះទាំងនោះ | ។ | ||
| ១៩- | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | នាំគ្នាទាំងអស់ |
| ខំលើកតម្កើង | ព្រះជាអម្ចាស់ | ទាំងពូជរបស់ | |
| លោកអរ៉ុនផង | ។ | ||
| ២០- | គ្រួសារលេវី | ចូរមកមូលមីរ | សរសើរផ្គូផ្គង |
| និងអ្នកដែលធ្លាប់ | គោរពព្រះអង្គ | សរសើរថ្កើងថ្កាន | |
| ព្រះម្ចាស់នៃយើង | ។ | ||
| ២១- | ចូរយើងនាំគ្នា | គ្រប់ៗអង្គា | មូលផ្តុំតម្កើង |
| ព្រះជាអម្ចាស់ | គង់ភ្នំស៊ីយ៉ូន | និងនៅក្នុងក្រុង | |
| យេរូសាឡឹម | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអង្គប្រសើរលើសព្រះទាំងប៉ុន្មាន។
បទលើកតម្កើងតាមលិខិតផ្ញើជូនលោកធីម៉ូថេ (១ធម ៣,១៦)
គម្រោងការដ៏លាក់កំបាំង និងសិរីរុងរឿងរបស់ព្រះគ្រីស្ត
បន្ទរទី៣ ៖ ពន្លឺផ្កាយរះឡើងប្រៀបដូចជាអណ្តាតភ្លើងឆេះឡើង ដែលចង្អុលបង្ហាញផ្លូវទៅកាន់ព្រះជាម្ចាស់ ជាព្រះមហាក្សត្រលើមហាក្សត្រនានា។ ពួកហោរាចារ្យបានឃើញទីសម្គាល់ ហើយនាំយកដង្វាយរបស់ពួកគេទៅថ្វាយព្រះមហាក្សត្រដ៏ប្រសើរឧត្តម នៅផ្ទះដែលព្រះអង្គគង់ស្នាក់។
| ១៦ | ព្រះគ្រីស្តយាងមកមានឋានៈជាមនុស្ស ព្រះអង្គសុចរិតដោយសារព្រះវិញ្ញាណ ព្រះអង្គបានបង្ហាញខ្លួនឲ្យពួកទេវទូតឃើញ គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះអង្គក្នុងពិភពលោក ព្រះជាម្ចាស់បានលើកព្រះអង្គឡើងឲ្យមានសិរីរុងរឿង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ពន្លឺផ្កាយរះឡើងប្រៀបដូចជាអណ្តាតភ្លើងឆេះឡើង ដែលចង្អុលបង្ហាញផ្លូវទៅកាន់ព្រះជាម្ចាស់ ជាព្រះមហាក្សត្រលើមហាក្សត្រនានា។ ពួកហោរាចារ្យបានឃើញទីសម្គាល់ ហើយនាំយកដង្វាយរបស់ពួកគេទៅថ្វាយព្រះមហាក្សត្រដ៏ប្រសើរឧត្តម នៅផ្ទះដែលព្រះអង្គគង់ស្នាក់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ធម ១,៩-១0)
ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រទានមកយើង ក្នុងអង្គព្រះគ្រីស្តយេស៊ូ តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ឥឡូវនេះ ព្រះអង្គបានសម្ដែងឲ្យយើងស្គាល់ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ។ ព្រះគ្រីស្តបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អ។
បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ នឹងបាន ទទួលពរដោយសារព្រះអង្គ។ បន្ទរឡើងវិញ៖…
—ប្រជាជាតិនានា នឹងនាំគ្នាថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ នៅពេលឃើញផ្កាយ ពួកហោរាចារ្យបាននិយាយគ្នាថា៖ ផ្កាយនេះច្បាស់ជាទីសម្គាល់នៃកំណើតរបស់ព្រះមហាក្សត្រដ៏ប្រសើរឧត្តមណាមួយហើយ។ ចូរយើងនាំគ្នាទៅស្វែងរកព្រះអង្គ ហើយនាំយកដង្វាយមាស គ្រឿងក្រអូប និងជ័រល្វីងទេស ទៅថ្វាយព្រះអង្គផង។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ នៅពេលឃើញផ្កាយ ពួកហោរាចារ្យបាននិយាយគ្នាថា៖ ផ្កាយនេះច្បាស់ជាទីសម្គាល់នៃកំណើតរបស់ព្រះមហាក្សត្រដ៏ប្រសើរឧត្តមណាមួយហើយ។ ចូរយើងនាំគ្នាទៅស្វែងរកព្រះអង្គ ហើយនាំយកដង្វាយមាស គ្រឿងក្រអូប និងជ័រល្វីងទេស ទៅថ្វាយព្រះអង្គផង។
ពាក្យអង្វរសកល
នៅថ្ងៃនេះ ពួកហោរាចារ្យបានមកថ្វាយបង្គំព្រះសង្រ្គោះរបស់យើង។ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គយ៉ាងសប្បាយរីករាយ ដោយទូលថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះជនក្រីក្រកំសត់ទុគ៌តផង !
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! ព្រះអង្គបានត្រាស់ហៅពួកហោរាចារ្យឱ្យមកក្រាបថ្វាយបង្គំព្រះអង្គ ប្រៀបដូចជាតំណាងរបស់ប្រជាជាតិនានា មុនគេបង្អស់
—សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានវិញ្ញាណនៃការគោរពប្រណិប័តន៍ និងបម្រើព្រះអង្គផង។ (បន្ទរ)
ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! ព្រះអង្គវិនិច្ឆ័យទោសប្រជារាស្រ្ត របស់ព្រះអង្គ ដោយយុត្តិធម៌
—សូមព្រះអង្គប្រទានឱ្យមនុស្សលោកមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៍ផង។ (បន្ទរ)
ឱព្រះមហាក្សត្រនៃយុគសម័យ ! ព្រះអង្គបានអត់ធ្មត់ពីជំនាន់មួយទៅជំនាន់មួយ
—សូមផ្ញើព្រះបន្ទូលព្រះអង្គមកក្នុងដួងចិត្តរបស់យើងខ្ញុំ ប្រៀបដូចជាភ្លៀងធ្លាក់នៅនិទាឃរដូវ។ (បន្ទរ)
ឱព្រះមហាក្សត្រនៃយុត្តិធម៌ ! ព្រះអង្គសព្វព្រះហឫទ័យដោះលែងជនក្រខ្សត់ដែលគ្មានមេធាវីការពារ ឱ្យមានសេរីភាព
—សូមព្រះអង្គអាណិតអាសូរដល់អ្នកដែលមានទុក្ខព្រួយ និងសោកសៅផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! មនុស្សគ្រប់ជំនាន់កោតសរសើរព្រះនាមព្រះអង្គ
—សូមសម្តែងឫទ្ធិចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ ឱ្យបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពទៅហើយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
