រដូវធម្មតា អាទិត្យទី៣០
បុណ្យគោរពសន្តបុគ្គលទាំងឡាយ
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ ឈរនៅមុខបល្ល័ង្ក។
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំដូចតទៅនេះ ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា : «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ ឈរនៅមុខបល្ល័ង្ក។
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី២៖ ព្រះជាម្ចាស់ល្បងលពួកគេ ហើយឈ្វេងយល់ថា ពួកគេពិតជាសមនៅជាមួយព្រះអង្គ។ ពួកគេនឹងទទួលមកុដនៃសិរីរុងរឿងពីព្រះអម្ចាស់។
(បទព្រហ្មគីតិ)
| ១០- | ទោះជាខ្ញុំពោលថា | រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ | |
| គង់តែរូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ||
| ១១- | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
| ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ||
| ១២- | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
| ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ||
| ១៣- | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
| ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ||
| ១៤- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
| លាបំណន់ពីព្រះ | ជាអម្ចាស់មុខប្រជា | ||
| ១៥- | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
| ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ||
| ១៦- | ឱព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ||
| ១៧- | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
| អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ||
| ១៨- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ||
| ១៩- | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
| ស្ថិតនៅកណ្តាលក្រុង | សូមផ្ចិតផ្ចង់លើកតម្កើង | ||
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច |
បន្ទរ៖ ព្រះជាម្ចាស់ល្បងលពួកគេ ហើយឈ្វេងយល់ថា ពួកគេពិតជាសមនៅជាមួយព្រះអង្គ។ ពួកគេនឹងទទួលមកុដនៃសិរីរុងរឿងពីព្រះអម្ចាស់។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩.១០.១២)
បន្ទរទី៣៖ ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់របស់យើង។
| ១១ | «បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថាៈ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។ |
| ១២ | នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថាៈ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់របស់យើង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៦,១៦ខ.៧,១)
យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចព្រះអង្គមានព្រះបន្ទូលថាៈ «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង»។
បន្ទរ៖ ចូរឱ្យសន្តបុគ្គល *រីករាយក្នុងព្រះអម្ចាស់។ បន្ទរឡើងវិញ៖…
-ព្រះជាម្ចាស់បានជ្រើសរើសអ្នក ទុកជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ តើព្រះរាជ្យនោះរុងរឿងយ៉ាងណាទៅហ្ន៎ ! ដែលសន្តបុគ្គលទាំងឡាយត្រេកអរសប្បាយរួមជាមួយព្រះគ្រីស្ត។ ពួកគេពាក់អាវស កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ តើព្រះរាជ្យនោះរុងរឿងយ៉ាងណាទៅហ្ន៎ ! ដែលសន្តបុគ្គលទាំងឡាយត្រេកអរសប្បាយរួមជាមួយព្រះគ្រីស្ត។ ពួកគេពាក់អាវស កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។
ពាក្យអង្វរសកល
ព្រះជាម្ចាស់ គឺជារង្វាន់នៃសន្តបុគ្គលទាំងឡាយ ចូរយើងទូលទៅព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ !
ឱព្រះជាម្ចាស់អើយ ! តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ ទ្រង់បានកសាងព្រះសហគមន៍នៅលើគ្រឹះនៃក្រុមគ្រីស្តទូត
—សូមព្រះអង្គថែរក្សាការបង្រៀនរបស់ពួកគាត់ ឱ្យមានសុវត្ថិភាពក្នុងចំណោមប្រជារាស្រ្តរបស់ព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានធ្វើឱ្យមរណសាក្សីមានអំណាចផ្តល់សក្ខីភាព ទោះបីជាពួកគេត្រូវបូជាជីវិតរបស់ខ្លួនក៏ដោយ
—សូមព្រះអង្គជួយឱ្យគ្រីស្តបរិស័ទទាំងអស់ហ៊ានផ្តល់សក្ខីភាពអំពីព្រះបុត្រាព្រះអង្គ ដោយចិត្តស្មោះត្រង់។ (បន្ទរ)
ព្រះអង្គបានប្រទានឱ្យនាងព្រហ្មចារិនីដ៏វិសុទ្ធ មានព្រះអំណោយទាននៃការយកតម្រាប់តាមព្រហ្មចរិយធម៌របស់ព្រះគ្រីស្ត
—សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលថ្វាយខ្លួនទៅព្រះជាម្ចាស់ កាន់ព្រហ្មចរិយធម៌យ៉ាងខ្ជាប់ខ្ជួន ដើម្បីធ្វើជាបន្ទាល់នៃការយាងមកនៃព្រះរាជ្យរបស់ព្រះអង្គ។ (បន្ទរ)
ឥឡូវនេះ សន្តបុគ្គលរបស់ព្រះអង្គបានឃើញព្រះភក្ត្រព្រះអង្គផ្ទាល់នឹងភ្នែក
—សូមព្រះអង្គថែរក្សាសេចក្តីសង្ឃឹមដ៏រស់ក្នុងដួងចិត្តយើងខ្ញុំ ដែលរង់ចាំជួបព្រះភក្រ្តព្រះអង្គ នៅថ្ងៃចុងក្រោយបំផុត។ (បន្ទរ)
សូមព្រះអង្គនាំមរណបុគ្គលទាំងអស់ឱ្យចូលទៅស្ថានបរមសុខ រួមជាមួយព្រះនាងម៉ារី សន្តយ៉ូសែប និងសន្តបុគ្គលទាំងឡាយ
—ហើយសូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានកន្លែងនៅក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! នៅថ្ងៃនេះ យើងខ្ញុំសូមគោរពដល់គុណធម៌របស់សន្តបុគ្គលទាំងឡាយដែលជាព្រះអំណោយទានរបស់ព្រះអង្គ។ តាមរយៈពាក្យទូលអង្វររបស់សន្តបុគ្គលទាំងឡាយ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានរួចពីបាប និងបានគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
