រដូវធម្មតា អាទិត្យទី៣០
បុណ្យគោរពសន្តបុគ្គលទាំងឡាយ
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៨១-៨៨
ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះអម្ចាស់សម្រាលទុក្ខប្រជាជននៅក្រុងស៊ីយ៉ូន។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូននឹងមានឮសូរសម្រែកសប្បាយរីករាយ ព្រមទាំងមានបទចម្រៀងអរព្រះគុណ និងមានស្នូរតូរ្យតន្ដ្រីឡើងវិញ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ប្រជាជននឹងប្រកាសអំពីប្រាជ្ញារបស់សន្តបុគ្គល ហើយព្រះសហគមន៍ទាំងអស់នឹងច្រៀងកោតសរសើរពួកគេ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដោយសារជំនឿ សន្តបុគ្គលបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឱ្យ។
| ៨១ | ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
| ៨២ | ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំពោលថា “តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?” ។ |
| ៨៣ | ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែទូលបង្គំមិនបំភ្លេចក្រិត្យវិន័យរបស់ព្រះអង្គឡើយ។ |
| ៨៤ | តើទូលបង្គំត្រូវរង់ចាំដល់ពេលណាទៀត ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ? |
| ៨៥ | មនុស្សអួតបំប៉ោងមិនគោរពតាមវិន័យរបស់ព្រះអង្គទេ គេនាំគ្នាជីករណ្តៅ ដើម្បីឱ្យទូលបង្គំធ្លាក់។ |
| ៨៦ | វិន័យរបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយគ្មានហេតុផល។ |
| ៨៧ | នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឱ្យវិនាសសូន្យ ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលច្បាប់របស់ព្រះអង្គឡើយ។ |
| ៨៨ | សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា ទូលបង្គំនឹងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៦១
ពាក្យអធិដ្ឋានរបស់ជនភៀសខ្លួន
ពាក្យអធិដ្ឋានរបស់មនុស្សសុចរិត ដែលផ្ញើសេចក្តីសង្ឃឹមលើអ្វីៗនៅស្ថានបរមសុខ (សន្តហ៊ីលឡារី)។
(បទកាកគតិ)
| ២- | ឱព្រះម្ចាស់អើយ | កុំគង់ព្រងើយ | សូមព្រះសណ្តាប់ |
| យកព្រះទ័យទុក | ដាក់ហើយត្រង់ត្រាប់ | ពាក្យអង្វរគាប់ | |
| ទូលបង្គំផង | ។ | ||
| ៣- | ពេលខ្ញុំនៅឆ្ងាយ | សន្លឹមអន្លាយ | ហាក់អស់កម្លាំង |
| ខ្ញុំស្រែកហៅរក | ព្រះនាមព្រះអង្គ | សូមដឹកនាំខ្ញុំ | |
| ទៅកាន់ថ្មខ្ពស់ | ។ | ||
| ៤- | ព្រះអង្គជាទី | ជម្រករមណី | រឹងមាំឥតមោះ |
| ជាប៉មមាំមួន | ជាកំពែងខ្ពស់ | ព្រះជាអម្ចាស់ | |
| តទល់សត្រូវ | ។ | ||
| ៥- | ទូលបង្គំចង់ | រស់និត្យនៅក្នុង | ពន្លាពេកកូវ |
| របស់ព្រះអង្គ | រហូតតទៅ | ហើយសូមក្រាបនៅ | |
| ក្រោមម្លប់ព្រះអង្គ | ។ | ||
| ៦- | ឱព្រះម្ចាស់អើយ | ព្រះអង្គនេះហើយ | តែងស្តាប់ពាក្យខ្ញុំ |
| ព្រះអង្គប្រទាន | មកទូលបង្គំ | មរតកដ៏ធំ | |
| បម្រុងទុកឱ្យ | ។ | ||
| ៧- | សូមទ្រង់ប្រទាន | ព្រះរាជាមាន | ជន្មាមិនថយ |
| អាយុយឺនយូរ | សតវត្សទៅក្រោយ | ជាម្លប់ផ្តល់ឱ្យ | |
| ប្រជាប្រុសស្រី | ។ | ||
| ៨- | សូមមហាក្សត្រ | គ្រងរាជ្យរហូត | ក្រោមភក្ត្រម្ចាស់ថ្លៃ |
| រហូតតទៅ | ដោយព្រះហឫទ័យ | មេត្តាប្រណី | |
| ករុណាស្មោះស្ម័គ្រ | ។ | ||
| ៩- | ខ្ញុំនឹងតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | រាល់ថ្ងៃឥតអាក់ |
| ឥតឈប់ឥតឈរ | ឱ្យសមនឹងពាក្យ | សន្យាលាយល័ក្ខណ៍ | |
| ចំពោះព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ៦៤
ពាក្យអធិដ្ឋានទូលអង្វរប្រឆាំងនឹងខ្មាំងសត្រូវ
ទំនុកតម្កើងនេះ រំឭកជាពិសេសបំផុត ស្តីអំពីទុក្ខលំបាករបស់ព្រះអម្ចាស់នៃយើង (សន្តអូគូស្ទីន)។
| ២ | ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។ |
| ៣ | សូមការពារទូលបង្គំ ឱ្យរួចផុតពីការឃុបឃិតរបស់ជនពាល សូមឱ្យទូលបង្គំរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។ |
| ៤ | គេប្រើពាក្យសម្តីដូចដាវដ៏មុតស្រួច ពួកគេចោលពាក្យសម្តីដូចគេចោលព្រួញ។ |
| ៥ | ពួកគេលួចប្រហារមនុស្សទៀងត្រង់ គេប្រហារមិនឱ្យដឹងខ្លួន ដោយមិនខ្លាចក្រែងអ្វីឡើយ។ |
| ៦ | ពួកគេនិយាយលើកទឹកចិត្តគ្នា ឱ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ទាំងពោលថា “គ្មាននរណាឃើញទេ!” ។ |
| ៧ | គេនាំគ្នាបង្កអំពើឧក្រិដ្ឋ ទាំងពោលថា “ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! |
| ៨ | ប៉ុន្តែ ព្រះជាម្ចាស់បានប្រហារពួកគេ ដោយមិនឱ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។ |
| ៩ | ពាក្យសម្តីរបស់ពួកគេបានធ្វើឱ្យពួកគេវិនាស អស់អ្នកដែលឃើញពួកគេនាំគ្នាគ្រវីក្បាល។ |
| ១០ | មនុស្សលោកទាំងអស់នាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។ |
| ១១ | សូមឱ្យមនុស្សសុចរិតមានអំណរសប្បាយ ព្រោះតែព្រះអម្ចាស់ សូមនាំគ្នាមកជ្រកកោននឹងព្រះអង្គ សូមឱ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះអម្ចាស់សម្រាលទុក្ខប្រជាជននៅក្រុងស៊ីយ៉ូន។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូននឹងមានឮសូរសម្រែកសប្បាយរីករាយ ព្រមទាំងមានបទចម្រៀងអរព្រះគុណ និងមានស្នូរតូរ្យតន្ដ្រីឡើងវិញ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ប្រជាជននឹងប្រកាសអំពីប្រាជ្ញារបស់សន្តបុគ្គល ហើយព្រះសហគមន៍ទាំងអស់នឹងច្រៀងកោតសរសើរពួកគេ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដោយសារជំនឿ សន្តបុគ្គលបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឱ្យ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ៦៥,១៨-១៩
ចូរអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡឹមដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះដែលមានអំណរ។ក្រុងយេរូសាឡឹមនឹងធ្វើឱ្យយើងសប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឱ្យយើងរីករាយក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ។
—ដ្បិតអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១សល ១,១៥-១៦
ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ព្រះអង្គវិសុទ្ធយ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ»។
—ហើយប្រកាសអំពីភាពដ៏វិសុទ្ធរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) វវ ២១,១០-១១ក.២២,៣ខ-៤
ទេវទូតនោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឱ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់។ ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម ស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ព្រះអង្គនាំគ្នាគោរពថ្វាយបង្គំព្រះអង្គ គេនឹងឃើញព្រះភក្ត្រព្រះអង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះនាមព្រះអង្គដែរ។
—ប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គនឹងរស់នៅចំពោះព្រះភក្រ្តព្រះអង្គ។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! នៅថ្ងៃនេះ យើងខ្ញុំសូមគោរពដល់គុណធម៌របស់សន្តបុគ្គលទាំងឡាយដែលជាព្រះអំណោយទានរបស់ព្រះអង្គ។ តាមរយៈពាក្យទូលអង្វររបស់សន្តបុគ្គលទាំងឡាយ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានរួចពីបាប និងបានគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !
