ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ឱព្រះអម្ចាស់អើយ ! ពន្លឺដែលគង់នៅអស់កល្បជានិច្ច នឹងរះបំភ្លឺមកលើសន្តបុគ្គលទាំងឡាយរបស់ព្រះអង្គ ហើយពួកគេនឹងរស់នៅអស់កល្បជាអង្វែងតរៀងទៅ អាលេលូយ៉ា!

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!
តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។
តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។
ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ
ដើម្បី​ឱ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ប្រទាន​ឱ្យ​ស្ត្រីអារ​មាន​កូន
ឱ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ពន្លឺដែលគង់នៅអស់កល្បជានិច្ច នឹងរះបំភ្លឺមកលើសន្តបុគ្គលទាំងឡាយរបស់ព្រះអង្គ ហើយពួកគេនឹងរស់នៅអស់កល្បជាអង្វែងតរៀងទៅ អាលេលូយ៉ា!

បន្ទរទី២៖ យេរូសាឡឹមជាទីក្រុងរបស់ព្រះជាម្ចាស់ អ្នកនឹងរីករាយដោយសារកូនៗរបស់អ្នក ដ្បិតពួកគេនឹងបានទទួលពរ ហើយមកជួបជុំគ្នានៅជាមួយព្រះអម្ចាស់ អាលេលូយ៉ា!

(បទព្រហ្មគីតិ)

១២-ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣-ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្រ្តដែលរស់ពាសពេញទីក្រុង
១៤-ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុងស្រូវបម្រុងច្រើនមហិមា
១៥-នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៦-ព្រះអង្គឱ្យទឹកកកធ្លាក់ចុះមកច្រើនដេរដាស
សន្សើមត្រជាក់ណាស់ក៏ធ្លាក់ចុះតាមបញ្ជា
១៧-ព្រះអង្គធ្វើឱ្យព្រឹលធ្លាក់មិនខ្ជិលច្រើនមហិមា
ឱ្យមានធាតុរងាតើនរណាអាចទ្រាំបាន?
១៨-ពេលទ្រង់មានបន្ទូលធ្វើឱ្យព្រឹលទាំងប៉ុន្មាន
ទឹកកកគ្រប់ទីស្ថានរលាយបានជាទឹកអស់
ធ្វើឱ្យមានទាំងខ្យល់បោកវិលវល់មិនឈប់សោះ
បក់យកទឹកទាំងនោះហូរតាមជ្រោះទៅមិនសល់
១៩-ទ្រង់សម្តែងឱ្យពូជលោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមលឱ្យអ៊ីស្រាអែលបានដឹង
២០-ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហ្នឹង
ឱ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ យេរូសាឡឹមជាទីក្រុងរបស់ព្រះជាម្ចាស់ អ្នកនឹងរីករាយដោយសារកូនៗរបស់អ្នក ដ្បិតពួកគេនឹងបានទទួលពរ ហើយមកជួបជុំគ្នានៅជាមួយព្រះអម្ចាស់ អាលេលូយ៉ា!

បន្ទរទី៣៖ នៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងនៅមុខបល្ល័ង្កកូនចៀម សន្តបុគ្គលទាំងឡាយនឹងច្រៀងបទថ្មី ហើយសម្លេងរបស់ពួកគេនឹងឮខ្ទរខ្ទារពាសពេញផែនដី អាលេលូយ៉ា !

បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា
មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហាជន​ច្រើន​កុះករ​នៅ​លើ​មេឃ​ថា៖
«ហាលេលូយ៉ា! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង
ព្រះ‌អង្គ​សង្គ្រោះ​យើង ព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុង​រឿង និង​ឫទ្ធា‌នុភាព
ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។
ព្រះ‌អង្គ​បាន​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី
ដែល​បាន​ធ្វើឱ្យ​ផែន‌ដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម‌គុណ​របស់​នាង
ព្រះអង្គ​បាន​ដាក់​ទោស​ស្ត្រីពេស្យា​នោះ
ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។
មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «ហាលេលូយ៉ា!
ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។
ពួក​ព្រឹទ្ធាចារ្យ​ទាំង​ម្ភៃ​បួន​រូប និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​នាំ​គ្នា​ក្រាប​ចុះ
ហើយ​ថ្វាយ‌បង្គំព្រះជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖
«អាម៉ែន! ហាលេ​លូយ៉ា!»។
មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់
អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង!»។
ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ
ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំងថា៖
«ហាលេលូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ហើយ
យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឱ្យ​ខ្លាំង
ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ
ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ
ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងនៅមុខបល្ល័ង្កកូនចៀម សន្តបុគ្គលទាំងឡាយនឹងច្រៀងបទថ្មី ហើយសម្លេងរបស់ពួកគេនឹងឮខ្ទរខ្ទារពាសពេញផែនដី អាលេលូយ៉ា !

បង‌ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរមសុខ ដែល​មាន​ទេវទូត​រាប់​លាន​រាប់​កោដិ និង​មាន​ព្រះ‌សហគមន៍​របស់​ពួក​រៀម‌ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ កំពុង​ជួបជុំគ្នា​យ៉ាង​អធិកអធម។ បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណៈ បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រីថ្មី ហើយ​ចូល​មក​ជិត​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត​ដែល​ទូល‌អង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អេបិល​ទៅ​ទៀត។

បន្ទរ៖ មនុស្សសុចរិតនឹងរីករាយសប្បាយ *នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ បន្ទរឡើងវិញ៖…
-ពួកគេនឹងច្រៀងយ៉ាងសប្បាយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ គឺព្រះអង្គហើយដែលក្រុមគ្រីស្តទូតលើកតម្កើង ! គឺព្រះអង្គហើយ ដែលពួកព្យាការីច្រៀងកោតសរសើរ គឺព្រះអង្គហើយដែលមរណសាក្សីទាំងឡាយផ្តល់សក្ខីភាព ដោយបានបូជាជីវិតថ្វាយព្រះអង្គ។ សន្តបុគ្គលទាំងឡាយច្រៀងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គថា ៖ ឱព្រះត្រៃឯក ! ជាព្រះជាម្ចាស់តែមួយដ៏វិសុទ្ធ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ គឺព្រះអង្គហើយដែលក្រុមគ្រីស្តទូតលើកតម្កើង ! គឺព្រះអង្គហើយ ដែលពួកព្យាការីច្រៀងកោតសរសើរ គឺព្រះអង្គហើយដែលមរណសាក្សីទាំងឡាយផ្តល់សក្ខីភាព ដោយបានបូជាជីវិតថ្វាយព្រះអង្គ។ សន្តបុគ្គលទាំងឡាយច្រៀងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គថា ៖ ឱព្រះត្រៃឯក ! ជាព្រះជាម្ចាស់តែមួយដ៏វិសុទ្ធ។

ព្រះជាម្ចាស់ គឺជារង្វាន់នៃសន្តបុគ្គលទាំងឡាយ ចូរយើងទូលទៅព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ !

ឱព្រះជាម្ចាស់អើយ ! តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ ទ្រង់បានកសាងព្រះសហគមន៍នៅលើគ្រឹះនៃក្រុមគ្រីស្តទូត
—សូមព្រះអង្គថែរក្សាការបង្រៀនរបស់ពួកគាត់ ឱ្យមានសុវត្ថិភាពក្នុងចំណោមប្រជារាស្រ្តរបស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានធ្វើឱ្យមរណសាក្សីមានអំណាចផ្តល់សក្ខីភាព ទោះបីជាពួកគេត្រូវបូជាជីវិតរបស់ខ្លួនក៏ដោយ
—សូមព្រះអង្គជួយឱ្យគ្រីស្តបរិស័ទទាំងអស់ហ៊ានផ្តល់សក្ខីភាពអំពីព្រះបុត្រាព្រះអង្គ ដោយចិត្តស្មោះត្រង់។ (បន្ទរ)

ព្រះអង្គបានប្រទានឱ្យនាងព្រហ្មចារិនីដ៏វិសុទ្ធ មានព្រះអំណោយទាននៃការយកតម្រាប់តាមព្រហ្មចរិយធម៌របស់ព្រះគ្រីស្ត
—សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលថ្វាយខ្លួនទៅព្រះជាម្ចាស់ ឱ្យកាន់ព្រហ្មចរិយធម៌យ៉ាងខ្ជាប់ខ្ជួន ដើម្បីធ្វើជាបន្ទាល់នៃការយាងមកនៃព្រះរាជ្យរបស់ព្រះអង្គ។ (បន្ទរ)

ឥឡូវនេះ សន្តបុគ្គលរបស់ព្រះអង្គបានឃើញព្រះភក្ត្រព្រះអង្គផ្ទាល់នឹងភ្នែក
—សូមព្រះអង្គថែរក្សាសេចក្តីសង្ឃឹមដ៏រស់ក្នុងដួងចិត្តយើងខ្ញុំ ដែលរង់ចាំជួបព្រះភក្រ្តព្រះអង្គ នៅថ្ងៃចុងក្រោយបំផុត។ (បន្ទរ)

សូមព្រះអង្គនាំមរណបុគ្គលទាំងអស់ឱ្យចូលទៅស្ថានបរមសុខ រួមជាមួយព្រះនាងម៉ារី សន្តយ៉ូសែប និងសន្តបុគ្គលទាំងឡាយ
—ហើយសូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានកន្លែងនៅក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! នៅថ្ងៃនេះ យើងខ្ញុំសូមគោរពដល់គុណធម៌របស់សន្តបុគ្គលទាំងឡាយដែលជាព្រះអំណោយទានរបស់ព្រះអង្គ។ តាមរយៈពាក្យទូលអង្វររបស់សន្តបុគ្គលទាំងឡាយ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានរួចពីបាប និងបានគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

33 Views

Theme: Overlay by Kaira