ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ប្រជាជនទាំងឡាយអើយ ! ចូរមើលមកយើង ចូរសម្លឹងមើលទុក្ខលំបាករបស់យើង។

១០ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
១១ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្សណា​ម្នាក់​បាន​ឡើយ។
១២តើខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្ដែង​មក​លើ​រូប​ខ្ញុំ?
១៣ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ដែល​បាន​រំដោះ​ខ្ញុំ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៤ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ។
១៥ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់
នៅ​ពេល​ប្រជាជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។
១៦ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ
ដូច​ម្ដាយ​របស់​ទូល‌បង្គំដែរ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់។
១៧ទូលបង្គំ​សូម​ថ្វាយ​យញ្ញបូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៨ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ
១៩គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ អាលេ‌លូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ប្រជាជនទាំងឡាយអើយ ! ចូរមើលមកយើង ចូរសម្លឹងមើលទុក្ខលំបាករបស់យើង។

បន្ទរទី២៖ ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា ចិត្តខ្ញុំ​ប្រេះ‌ឆា​ពន់​ប្រមាណ។

(បទពាក្យ៧)

១-ឱព្រះម្ចាស់អើយសូមសណ្តាប់ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ
ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរសូមឆ្លើយតបតដោយប្រណី
២-សូមកុំចាប់ទោសយកកំហុសអ្នកបម្រើស្មោះទៅកាត់ក្តី
ដ្បិតគ្មានជនសុចរិតប្រពៃចំពោះភក្ត្រព្រះអង្គឡើយ
៣-ពួកខ្មាំងសត្រូវតាមយាយីពីគ្រប់ទិសទីមិនកន្តើយ
ឃុំខ្ញុំក្នុងទីងងឹតហើយដូចអ្នកក្សិណក្ស័យយូរណាស់ណា
៤-ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្តទាល់ទាំងគំនិតក្នុងកាយា
ថយទាំងកម្លាំងខ្វះប្រាជ្ញាមិនដឹងគិតថាត្រូវធ្វើម៉េច?
៥-ខ្ញុំនឹកទៅដល់ជំនាន់មុនសញ្ជឹងគូរគន់គ្រប់ភារកិច្ច
ជាស្នាព្រះហស្តល្អបណ្តាច់ឥតមានកលល្បិចគ្មានទើសទាល់
៦-ដៃខ្ញុំអង្វរខ្លួនបែរក្រាបដាក់កាយឲ្យទាបមុខព្រះម្ចាស់
ដូចដីហួតហែងបែកប្រេះអស់ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក
៧-ឱព្រះជាអម្ចាស់ខ្ញុំអើយសូមជួយតបឆ្លើយឲ្យញយញឹក
ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្តកុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ
ព្រោះតែខ្ញុំដូចជាមនុស្សដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម
គ្មាននរណាជួយអស់សង្ឃឹមដូចមេឃរលឹមគ្មានរស្មី
៨-សូមទ្រង់បង្ហាញធម៌មេត្តាសន្តោសករុណាត្រាប្រណី
ខ្ញុំផ្ញើរូបកាយជីវិតក្តីលើព្រះម្ចាស់ថ្លៃរួចទៅហើយ
សូមប្រោសប្រទានឲ្យខ្ញុំស្គាល់មាគ៌ានិមលកុំកន្តើយ
ដ្បិតទូលបង្គំផ្ចង់ចិត្តហើយព្រះជាម្ចាស់អើយមិនបោះបង់
៩-ឱព្រះអម្ចាស់សូមរំដោះខ្ញុំឲ្យផុតគ្រោះផុតពីខ្មាំង
សត្រូវយាយីតាមប្រឆាំងខ្ញុំសូមព្រះអង្គពួនជ្រកផង
១០-សូមជួយបង្ហាត់ពត់បង្រៀនខ្ញុំព្រមតាមបានព្រះបំណង
ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ងដឹកនាំខ្ញុំផងដាក់ផ្លូវល្អ
១១-ឱព្រះម្ចាស់អើយសូមគាំពារយល់ដល់នាមាព្រះបវរ
ប្រទានជីវិតខ្ញុំកំដរឲ្យបានរស់តទៅទៀតផង
សូមជួយនាំខ្ញុំឲ្យចេញផុតពីភាពងងឹតអាប់មួរហ្មង
គ្រោះថ្នាក់តូចធំអាសន្នផងដោយហឫទ័យទ្រង់សុចរិត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា ចិត្តខ្ញុំ​ប្រេះ‌ឆា​ពន់​ប្រមាណ។

បន្ទរទី៣៖ កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!» ។ ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។

ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ
ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ
ទុក​ជា​កម្ម‌សិទ្ធិ​ដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។
ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់មក​យក​ឋានៈ​ជា​ទាសករ
ព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ
ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។
ព្រះ‌អង្គ​បាន​ដាក់​ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត
គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់លើក​តម្កើង​ព្រះ‌អង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត
ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គមាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
១០ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី
ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ
១១និងឲ្យ​មនុស្ស​គ្រប់​ភាសា​ប្រកាស​ឡើងថា ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់
ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!» ។ ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។

ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​មកឲ្យ​រងទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​ព្រះ‌គ្រីស្តក៏​បាន​រង‌ទុក្ខ​លំបាកសម្រាប់​បង‌ប្អូន ទុក​ជា​គំរូ​ឲ្យបង‌ប្អូន​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណាចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ។ ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះ‌អង្គ ក៏​ព្រះ‌អង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរព្រះ‌អង្គ​បាន​រង‌ទុក្ខ​លំបាក តែ​ព្រះ‌អង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ ព្រះ‌អង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជាម្ចាស់ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។ ព្រះ‌គ្រីស្តបាន​ផ្ទុក​បាប​របស់​យើងក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិននឹង​បាប​ត​ទៅ​មុខ​ទៀត​ ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត។ បង‌ប្អូន​បាន​ជា​សះ‌ស្បើយ ដោយ‌សារស្នាម​របួស​របស់​ព្រះ‌អង្គ។

បន្ទរ៖ ព្រះ‌អង្គ​បាន​ដាក់​ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត គឺរហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។

បន្ទរ៖ ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ។

នៅថ្ងៃនេះ យើងខ្ញុំចងចាំពីការសោយទិវង្គតរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលនាំឱ្យពិភពលោកទាំងមូលកើតជាថ្មី។ ចូរយើងវិលទៅរកព្រះជាម្ចាស់ជាព្រះបិតា ហើយទូលអង្វរព្រះអង្គថា៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ដោយយល់ដល់ព្រះបុត្រាសោយទិវង្គត សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង !

-សូមព្រះអង្គបង្រួបបង្រួមព្រះសហគមន៍ឱ្យទៅជាធ្លុងតែមួយ -បន្ទរ…

-សូមព្រះអង្គថែរក្សាសម្តេចប៉ាបព្រះនាម (…) -បន្ទរ…

-សូមព្រះអង្គប្រោសឱ្យប្រជារាស្រ្តរបស់ព្រះអង្គបានវិសុទ្ធ ទាំងបព្វជិត និងគ្រីស្តបរិស័ទគ្រហស្ត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ -បន្ទរ…

-សូមព្រះអង្គពង្រឹងជំនឿ និងការយល់ដឹងដល់អស់អ្នកដែលស្ថិតនៅក្រោមការណែនាំ -បន្ទរ…

-សូមព្រះអង្គប្រមូលគ្រីស្តបរិស័ទទាំងអស់ ឱ្យចេះរួបរួមគ្នា -បន្ទរ…

-សូមព្រះអង្គណែនាំប្រជាជនជាតិយូដា ឱ្យទៅកាន់ការសង្រ្គោះយ៉ាងពេញលេញផង -បន្ទរ…

-សូមព្រះអង្គបង្ហាញសិរីរុងរឿងបំភ្លឺដល់អស់អ្នកដែលមិនទាន់ជឿលើព្រះគ្រីស្ត -បន្ទរ…

-សូមព្រះអង្គណែនាំចិត្តគំនិតមេដឹកនាំយើងខ្ញុំ -បន្ទរ…

-សូមព្រះអង្គលួងលោមចិត្តអ្នកដែលមានទុក្ខព្រួយ -បន្ទរ…

-សូមព្រះអង្គអាណិតអាសូរអស់អ្នកដែលបានទទួលមរណភាព -បន្ទរ…

បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសពន់ប្រមាណ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបុត្រាព្រះអង្គសោយទិវង្គត ដើម្បីរំដោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គបំភ្លឺយើងខ្ញុំឲ្យដើរជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាកលីឈើឆ្កាង ហើយប្រោសយើងខ្ញុំឲ្យបានវិសុទ្ធ ស្របតាមគម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លងនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

10 Views

Theme: Overlay by Kaira