ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឱ្យបានពោរពេញដោយអំណរ និងសេចក្តីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។

បន្ទរទី១ ៖ យើងទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដីសង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​ព្រះយេស៊ូ‌គ្រីស្ត
ជា​ព្រះជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះសង្គ្រោះនៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុង​រឿង។

ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ព្រោះព្រះអង្គតែងតែសង្គ្រោះខ្ញុំ
មានតែព្រះអង្គមួយគត់ដែលជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។
តើអ្នករាល់គ្នាចោមរោមវាយប្រហារមនុស្សតែម្នាក់ដូច្នេះ ដល់កាលណាទៀត?
អ្នករាល់គ្នារកប្រហារជីវិតមនុស្ស
ដូចគេចង់រំលំកំពែងដែលទ្រុឌទ្រោម និងផ្តួលរបងដែលជិតរលំឬ?
ពួកគេចង់ឱ្យតែអ្នកនោះបាត់បង់យសសក្តិ គេចូលចិត្តកុហក
មាត់គេឱ្យពរ តែចិត្តគេបែរជាដាក់បណ្តាសារទៅវិញ។
ពិតមែនហើយ ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ដ្បិតព្រះអង្គជាទីសង្ឃឹមតែមួយគត់របស់ខ្ញុំ។
ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។
ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង
ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។
ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលាទៅ!
ចូរទូលពីទុក្ខកង្វល់របស់អ្នករាល់គ្នាថ្វាយព្រះអង្គចុះ
ព្រះជាម្ចាស់ជាជម្រករបស់យើងហើយ។
១០មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
មនុស្សឋានៈខ្ពស់គ្មានតម្លៃអ្វីសោះ
ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ
នោះស្រាលជាងមួយដង្ហើមទៅទៀត។
១១មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ
ហើយក៏កុំសង្ឃឹមលើការលួចប្លន់ដែរ។
ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួនច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
១២ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូលមួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតលើព្រះអង្គ
១៣ឱព្រះអម្ចាស់អើយ! ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនគេបានប្រព្រឹត្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យើងទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដីសង្ឃឹម​របស់​យើង
ហើយ​រង់‌ចាំ​ព្រះយេស៊ូ‌គ្រីស្ត ជា​ព្រះជាម្ចាស់​ដ៏​ឧត្ដម​បំផុត
និង​ជាព្រះសង្គ្រោះនៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុង​រឿង។

ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឱ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន (កក ២៨,២៨)។

បន្ទរទី២ ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!

(បទពាក្យ ៧)

២-ឱព្រះម្ចាស់អើយសូមមេត្តាសន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តមទតមើលយើងខ្ញុំដោយសប្បុរស
៣-ដូច្នេះមនុស្សលោកលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ស្គាល់ការសង្គ្រោះនៃព្រះអង្គ
៤-បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
៥-ប្រជាទាំងឡាយនាំគ្នាច្រៀងបន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយប្រជាទាំងឡាយមិនឆ្មៃឆ្មើង
៦-បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
៧-ផែនដីបង្កើតនូវភោគផលមិនឱ្យយើងខ្វល់ពីអន្តរាយ
ព្រះអង្គជាព្រះយើងទាំងឡាយប្រទានពរឱ្យសុខគ្រប់គ្រា
៨-សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកាខ្លាចព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ឱ​ព្រះជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!

ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ

បន្ទរទី៣ ៖ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មក ដោយសារព្រះ‌គ្រីស្ត និងសម្រាប់​ព្រះ‌គ្រីស្ត។

១២ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព
អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣ព្រះអង្គបានរំដោះយើង ឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
១៦ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ត។
២០ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មក ដោយសារ​ព្រះគ្រីស្ត និងសម្រាប់​ព្រះ‌គ្រីស្ត។

ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត «ព្រះ‌ជាម្ចាស់ ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។
ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឱ្យ​ព្រះ‌អង្គ​លើក​តម្កើង​បង‌ប្អូន នៅ​ពេល​ដែល​ព្រះ‌អង្គ​បាន​កំណត់​ទុក។
ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បង‌ប្អូន​ទៅ​ព្រះ‌អង្គ​ទៅ ដ្បិត​ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​បង‌ប្អូន។

បន្ទរ ៖ សូម​រក្សា​ទូល‌បង្គំ *ដូច​រក្សា​ប្រស្រី‌ភ្នែក។ បន្ទរឡើងវិញ៖…
-សូម​ការ‌ពារ​ទូល‌បង្គំដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្លើងឆ្មៃ ហើយ​ព្រះ‌អង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្លើងឆ្មៃ ហើយ​ព្រះ‌អង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។

បងប្អូនជាទីស្រឡាញ់ ! យើងមានអំណរសប្បាយ ដោយបានស្គាល់ព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គដោយចិត្តអង់អាចក្លាហានថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គប្រោសប្រណី និងប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំផង។

ឱព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សម្រាប់ព្រះអង្គរយៈពេលមួយពាន់ឆ្នាំ ប្រៀបដូចមួយថ្ងៃដែលកន្លងផុតទៅ
—សូមព្រះអង្គជួយយើងខ្ញុំឱ្យនឹកចាំថា ជីវិតប្រៀបបីដូចជាផ្ការីកនៅពេលព្រឹក​ព្រលឹម ហើយក្រៀមស្វិតស្រពោននៅពេលល្ងាច។ (បន្ទរ)

សូមព្រះអង្គប្រទាននំម៉ាណាដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឱ្យពួកគេបានឆ្អែតបរិបូណ៍
—សូមព្រះអង្គប្រទានទឹក ដើម្បីឱ្យពួកគេបាត់ស្រេកអស់កល្បជានិច្ចផង។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យអស់អ្នកជឿលើព្រះអង្គ បានស្វែងរកនូវអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ
—ហើយសូមឱ្យពួកគេបានឃើញសិរីរុងរឿងរបស់ព្រះអង្គ រាល់ពេលបំពេញការងារផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រោសប្រទានអាកាសធាតុល្អដល់យើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំបានទទួលភោគផលបរិបូណ៍នៅលើផែនដីនេះផង។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យអស់អ្នកជឿដែលបានទទួលមរណភាព បានយល់ព្រះភក្រ្តរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានឱ្យពួកគេមានអំណរសប្បាយអស់កល្បជានិច្ចផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះជាអម្ចាស់ ! ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន !
ហើយមនុស្សគ្រប់ជំនាន់នឹងស្គាល់ពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ព្រមទាំងគោរពស្រឡាញ់ថែមទៀតផង។
សូមព្រះអង្គសណ្តាប់ពាក្យ អធិដ្ឋានរបស់យើងខ្ញុំនៅពេលល្ងាចនេះ
ហើយសូមឱ្យយើងខ្ញុំច្រៀងកោតសរសើរព្រះអង្គ និងប្រកាសពីភាពឧត្តុងឧត្តមរបស់ព្រះអង្គជារៀងរហូតទៅ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់
ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖

សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

4 Views

Theme: Overlay by Kaira