• ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់! ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ព្រះ‌ជាម្ចាស់​អើយ មាគ៌ា​របស់​ព្រះ‌អង្គ​ជា​មាគ៌ា​ដ៏‌វិសុទ្ធ គ្មាន​ព្រះ​ឯ​ណា​ទៀត ធំ​ឧត្តុង្គ‌ឧត្ដមដូច​ព្រះ‌អង្គ​ឡើយ។

ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ
ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ពាក្យខ្ញុំ
នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់
នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរ
ខ្ញុំមិនចង់ឱ្យនរណាសម្រាលទុក្ខខ្ញុំឡើយ
ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំយំថ្ងូរ
ពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។
បពិត្រព្រះអម្ចាស់! ព្រះអង្គធ្វើឱ្យទូលបង្គំទទួលទានដំណេកមិនលក់
ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។
ទូលបង្គំរំពឹងគិតអំពីអតីតកាល
គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ
ទូលបង្គំរិះគិតដដែលៗពេញមួយយប់
ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា
តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?
តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ?
តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ?
តើព្រះអង្គនៅស្ងៀម លែងមានព្រះបន្ទូលមកយើង
អស់កល្បជាអង្វែងតរៀងទៅឬ?
១០តើព្រះជាម្ចាស់ភ្លេចសម្តែង
ព្រះហឫទ័យប្រណីសន្តោសចំពោះយើងហើយឬ?
តើព្រះអង្គឈប់អាណិតអាសូរយើង ដោយទ្រង់ព្រះពិរោធឬ?
១១ទូលបង្គំនឹកគិតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ
មកពីព្រះអង្គខ្ពង់ខ្ពស់បំផុត លែងសម្តែងព្រះបារមីជួយយើងទៀតហើយ!
១២បពិត្រព្រះអម្ចាស់! ទូលបង្គំរំលឹកនូវស្នាព្រះហស្តព្រះអង្គឡើងវិញ
ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
១៣ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពីស្នាព្រះហស្តដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
១៤បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ
គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។
១៥មានតែព្រះអង្គទេដែលប្រព្រឹត្តការអស្ចារ្យ
ព្រះអង្គសម្តែងឫទ្ធានុភាពឱ្យជាតិសាសន៍នានាឃើញ។
១៦ព្រះអង្គបានប្រើឫទ្ធិបារមីមកលោះប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប
និងពូជពង្សរបស់លោកយ៉ូសែប។
១៧បពិត្រព្រះជាម្ចាស់! ទឹកសមុទ្របានឃើញព្រះអង្គ!
ពេលទឹកសមុទ្របានឃើញព្រះអង្គ វាពុះកញ្ជ្រោល
សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
១៨មានភ្លៀងបង្អុរចុះពីលើមេឃ
ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែរ
រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។
១៩នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង
ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក
ធ្វើឱ្យផែនដីរញ្ជួយញាប់ញ័រ។
២០ព្រះអង្គយាងកាត់សមុទ្រ ព្រះអង្គយាងកាត់តាមបាតមហាសាគរ
គ្មាននរណាអាចរកដានព្រះបាទារបស់ព្រះអង្គឃើញទេ។
២១ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ
ដោយសារលោកម៉ូសេ និងលោកអរ៉ុន ដូចគង្វាលដឹកនាំហ្វូងចៀមដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់​អើយ មាគ៌ា​របស់​ព្រះ‌អង្គ​ជា​មាគ៌ា​ដ៏‌វិសុទ្ធ គ្មានព្រះ​ឯណា​ទៀត ធំ​ឧត្តុង្គ‌ឧត្ដមដូច​ព្រះអង្គ​ឡើយ។

ព្រះ‌អង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះ‌អង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។
ព្រះ‌អង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មានឱ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ (លក ១,៥២-៥៣)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យខ្ញុំ​មាន​ចិត្តត្រេក‌អរ​សប្បាយ​យ៉ាងខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំឡើង​ឱ្យបាន​ខ្ពស់​មុខ។

(បទកាកគតិ)

ព្រះម្ចាស់ប្រទានចិត្តខ្ញុំឱ្យមានអំណរសប្បាយ
ព្រោះព្រះអង្គលើកខ្ញុំខ្ពស់ពេកក្រៃខ្ញុំអាចនិយាយ
តទល់ពួកខ្មាំង
គ្មានព្រះអង្គណាវិសុទ្ធអស្ចារ្យដូចជាព្រះអង្គ
ឥតមានព្រះណាប្រសើរដូចទ្រង់ជាថ្មជួយបាំង
ដូចព្រះយើងទេ
កុំអួតបំប៉ោងពោលពាក្យកាចកោងព្រហើនដៀលជេរ
ដ្បិតព្រះជាម្ចាស់ថ្លឹងថ្លែងរិះរេវិនិច្ឆ័យឥតប្រែ
តាមអំពើមនុស្ស
អ្នកខ្លាំងពូកែព្រះអង្គបំបែរបំបាក់ទាំងអស់
បំផ្លាញទាំងធ្នូតែទ្រង់សន្តោសប្រទានដល់មនុស្ស
កម្លាំងទន់ខ្សោយ
ពួកអ្នកដែលមានអាហារគ្រប់គ្រាន់ឥឡូវគេធ្លោយ
ធ្លាក់ខ្លួនវេទនាខ្វះខាតមុខក្រោយគ្មានអ្វីនឹងឱ្យ
ចម្អែតក្រពះ
ឯអ្នកធ្លាប់ឃ្លានបែរទៅជាមានអាហារមិនខ្វះ
គេបរិភោគឆ្អែតបរិបូណ៌ពេញពាសមានច្រើនដេរដាស
លែងមុខស្រពោន
មិនតែប៉ុណ្ណោះព្រះអង្គសន្តោសស្រីអារគ្មានកូន
មិនឱ្យដាច់ពូជវិនាសសាបសូន្យអាចសម្រាលកូន
បានប្រាំពីរដង
ជីវិតនៃមនុស្សត្រូវស្លាប់ឬរស់ស្រេចលើព្រះអង្គ
គេត្រូវធ្លាក់ទៅស្ថានមនុស្សស្លាប់ផងឬក៏បានឡើង
ស្រេចទ្រង់ចាត់ចែង
មនុស្សមានក្រអាក្រក់ឬល្អមិនមែនខ្លួនឯង
ព្រះម្ចាស់បន្ទាបឬក៏លើកឡើងព្រះអង្គចាត់ចែង
តាមព្រះហឫទ័យ
ទ្រង់លើកមនុស្សទុគ៌តស្រីប្រុសពីធូលីដី
ដកអ្នកកំសត់វេទនាក្រក្រីនោះគឺដើម្បី
ឱ្យស្មើអ្នកធំ
ឱ្យបានគ្រងរាជ្យពេញដោយអំណាចរុងរឿងឧត្តម
ដ្បិតព្រះអម្ចាស់តាំងគ្រឹះរឹងមាំផែនដីដ៏ធំ
មិនរលំឡើយ
ព្រះអង្គមើលថែជីវិតពួកគេផុតទុក្ខល្ហែល្ហើយ
គឺអ្នកស្មោះត្រង់ព្រះអង្គនោះហើយទ្រង់មិនកន្តើយ
ថ្នាក់ថ្នមបមបី
ឯមនុស្សអាក្រក់ចិត្តខ្មៅកខ្វក់ទុយ៌សអប្រីយ៍
គេនឹងវិនាសក្នុងពេលដ៏ខ្លីដ្បិតមនុស្សគ្មានជ័យ
ដោយកម្លាំងទេ
១០ព្រះអង្គបញ្ចោញរន្ទះដេញបាញ់ទៅលើពួកគេ
ព្រះម្ចាស់វិនិច្ឆ័យទោសផែនដីដែរទ្រង់គ្រប់គ្រងថែ
មិនប្រែទាល់សោះ
ព្រះអង្គប្រទានអានុភាពឱ្យមានដល់ក្សត្រអង្គនោះ
ប្រទានអំណាចចេស្តាទាំងអស់ដែលទ្រង់ថ្កើងយស
ចាក់ប្រេងអភិសេក
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ៖ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យខ្ញុំ​មាន​ចិត្តត្រេក‌អរ​សប្បាយ​យ៉ាងខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើងឱ្យបាន​ខ្ពស់​មុខ។

នៅក្នុងទំនុកតម្កើងនេះ មានរៀបរាប់អំពីការសង្គ្រោះពិភពលោក ដែលមនុស្សគ្រប់ជាតិសាសន៍នឹងទទួលជឿលើព្រះគ្រីស្ត (សន្តអាថាណាស)។

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់​គ្រង​រាជ្យ! ចូរ​ឱ្យផែនដី​បាន​រីក‌រាយ​ឡើង!

ព្រះអម្ចាស់គ្រងរាជ្យ! ចូរឱ្យផែនដីរីករាយឡើង!
ចូរឱ្យកោះទាំងឡាយមានអំណរសប្បាយ!
មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ
ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។
មានភ្លើងឆេះនៅខាងមុខព្រះអង្គ
បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។
ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺមកលើពិភពលោក
ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រ។
ភ្នំនានារលាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចក្រមួនត្រូវថ្ងៃ
គឺនៅចំពោះព្រះភក្រ្តព្រះអម្ចាស់នៃផែនដីទាំងមូល។
ផ្ទៃមេឃប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ
ហើយប្រជារាស្ត្រទាំងអស់បានឃើញសីរីរុងរឿងរបស់ព្រះអង្គ។
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ
គឺអួតអាងក្នុងការគោរពបម្រើព្រះឥតបានការ នឹងត្រូវអាម៉ាស!
ព្រះទាំងឡាយអើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។
បពិត្រព្រះអម្ចាស់! ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា
ព្រះអង្គវិនិច្ឆ័យដូច្នេះ គេមានអំណររីករាយ
អ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
បពិត្រព្រះអម្ចាស់!
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល
ព្រះអង្គប្រសើរបំផុតលើព្រះទាំងប៉ុន្មាន។
១០អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ! ចូរស្អប់អំពើអាក្រក់!
ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គរំដោះគេឱ្យបានរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។
១១មានពន្លឺបំភ្លឺមនុស្សសុចរិត
មនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ។
១២មនុស្សសុចរិតអើយ!
ចូរនាំគ្នាសប្បាយចំពោះកិច្ចការដែលព្រះអម្ចាស់បានប្រព្រឹត្ត !
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌អម្ចាស់​គ្រង​រាជ្យ ! ចូរ​ឱ្យផែនដី​បាន​រីក‌រាយ​ឡើង !

តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ដ​បាន?
ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់?
ដូច​មាន​ចែង​ទុក​មក​ថាៈ ព្រោះ​តែ​ព្រះ‌អង្គ យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេយក​ទៅ​សម្លាប់។
ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់យើង។

បន្ទរ៖ ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ *គ្រប់​ពេល​វេលា។ បន្ទរឡើងវិញ៖..
-ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​សោះ​ឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ចូរយើងគោរពបម្រើព្រះអម្ចាស់ក្នុងភាពដ៏វិសុទ្ធ និង​សុចរិត ជា​ទីគាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ជា​រៀង​រាល់​ថ្ងៃ រហូត​អស់​មួយ​ជីវិត។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ចូរយើងគោរពបម្រើព្រះអម្ចាស់ក្នុងភាពដ៏វិសុទ្ធ និង​សុចរិត ជា​ទីគាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ជា​រៀង​រាល់​ថ្ងៃ រហូត​អស់​មួយ​ជីវិត។

សូមលើកតម្កើងព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើង ព្រះអង្គមានព្រះបន្ទូលសន្យាគង់នៅជាមួយព្រះសហគមន៍របស់ព្រះអង្គជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក។
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គគង់នៅជាមួយយើងខ្ញុំ។

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គគង់នៅជាមួយយើងខ្ញុំពេញមួយថ្ងៃនេះ
—សូមឱ្យព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ គង់នៅដូចព្រះសុរិយាមិនដែលអស្តង្គតផង។ (បន្ទរ)

យើងខ្ញុំសូមឧទ្ទិសថ្ងៃនេះ ទុកជាតង្វាយថ្វាយទៅព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំថ្វាយតង្វាយជាអំពើអកុសលឡើយ។ (បន្ទរ)

សូមព្រះអង្គជួយឱ្យគ្រីស្តបរិស័ទ ចេះឆ្លើយតបនឹងការត្រាស់ហៅ​របស់ព្រះអង្គ
—ដើម្បីឱ្យពួកគេក្លាយជាអំបិលនៃភពផែនដី និងជាពន្លឺបំភ្លឺពិភពលោក។ (បន្ទរ)

សូមឱ្យសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ តម្រង់ដួងចិត្ត និងបបូរ​មាត់​របស់យើងខ្ញុំ
—ហើយឱ្យយើងខ្ញុំប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គជានិច្ចផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះអម្ចាស់! នៅព្រឹកថ្ងៃថ្មីនេះ សូមព្រះអង្គចាត់ពន្លឺរស្មីរបស់ព្រះអង្គ មកបំភ្លឺក្នុងដួងចិត្តយើងខ្ញុំ
ឱ្យរស់នៅតាមការប្រៀនប្រដៅរបស់ព្រះអង្គយ៉ាងពិតប្រាកដ
ហើយសូមការពារយើងខ្ញុំឱ្យរួចផុតពីអំពើបាប និងកំហុសឆ្គងទាំងឡាយផង។
យើងខ្ញុំសូមអង្វរព្រះអង្គដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖

សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

8 Views

Theme: Overlay by Kaira