រដូវសែសិបថ្ងៃ
សន្តយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារី
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៥
បន្ទរទី១៖ មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។
១ | ឱព្រះអម្ចាស់អើយ តើនរណាអាចស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គបាន? តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គបាន? |
២ | គឺមានតែមនុស្សឥតសៅហ្មង ដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិត ដែលមាននៅក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។ |
៣ | គេមិននិយាយមួលបង្កាច់ មិនធ្វើបាបអ្នកដទៃ ហើយក៏មិនបង្អាប់បង្អោនកិត្តិយសបងប្អូនរួមជាតិរបស់ខ្លួនដែរ។ |
៤ | គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់មិនគាប់ព្រះហឫទ័យនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជានិច្ច។ |
៥ | គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។
ទំនុកតម្កើងលេខ ១១២
បន្ទរទី២៖ មាតាសួរថា៖ “កូនអើយ ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ ? ឪពុកម្តាយព្រួយចិត្តណាស់ ខំដើររកកូន” ។
(បទពាក្យ៧)
១- | អ្នកអោនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
២- | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
៣- | ក្នុងផ្ទះមនុស្សដែលចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ | |
៤- | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
៥- | មនុស្សដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
៦- | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
មនុស្សគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
៧- | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនមានល្បិច | |
មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
៨- | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត | ។ | |
៩- | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ | |
១០- | ពេលជនអាក្រក់ឃើញដូច្នោះ | ចិត្តគេទោមនស្សខាំធ្មេញផង | |
បាក់ធ្លាក់ទឹកចិត្តខូចបំណង | ពុំសម្រេចម្តងណាសោះឡើយ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ មាតាសួរថា៖ “កូនអើយ ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ ? ឪពុកម្តាយព្រួយចិត្តណាស់ ខំដើររកកូន” ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (១៥,៣ខ-៤)
បន្ទរទី៣៖ ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែត ជាមួយមាតា បិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់ (អាលេលូយ៉ា!)។
៣ | «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែត ជាមួយមាតា បិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់ (អាលេលូយ៉ា!)។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,២៣-២៤)
គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីព្រះអម្ចាស់ទុកជាកម្រៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺព្រះគ្រីស្ត ចូរបម្រើព្រះអង្គទៅ។
បន្ទរ៖ មនុស្សសុចរិត*នឹងរីកស្គុសស្គាយដូចផ្កាចន្ធូ។ បន្ទរឡើងវិញ៖…
—ហើយលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មាន ព្រះអង្គជាបុត្ររបស់លោកយ៉ូសែប។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មាន ព្រះអង្គជាបុត្ររបស់លោកយ៉ូសែប។
ពាក្យអង្វរសកល
បិតុភាពទាំងនៅស្ថានបរមសុខ និងនៅលើផែនដី មានប្រភពចេញមកពីព្រះជាម្ចាស់។ ចូរយើងវិលត្រឡប់ទៅរកព្រះអង្គវិញ ហើយទូលថា ៖
បន្ទរ៖ ឱព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំផង !
បពិត្រព្រះបិតាដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានសម្តែងឱ្យសន្តយ៉ូសែបដឹងពីគម្រោងការនៃការសង្រ្គោះអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយល់កាន់តែស៊ីជម្រៅអំពីព្រះបុត្រាព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងជាមនុស្សដ៏ពិតប្រាកដ។ (បន្ទរ)
បពិត្រព្រះបិតាដែលគង់នៅស្ថានបរមសុខ ! ព្រះអង្គបានចិញ្ចឹមបក្សាបក្សីនៅលើអាកាស ហើយឱ្យទីវាលបង្កើតភោគផលផ្លែផ្កានៅលើផែនដី
—សូមព្រះអង្គប្រទានអាហារប្រចាំថ្ងៃឱ្យបុត្រធីតាព្រះអង្គ ទាំងខាងព្រលឹង និងរូបកាយ។ (បន្ទរ)
ឱព្រះដែលបង្កើតសកលលោកអើយ ! ព្រះអង្គបានប្រគល់ស្នាព្រះហស្តរបស់ព្រះអង្គឱ្យយើងខ្ញុំមើលថែរក្សា
—សូមឱ្យអស់អ្នកដែលធ្វើការ ទទួលបានរង្វាន់ដែលមកពីកម្លាំងញើសឈាមខ្លួនឯងផង។ (បន្ទរ)
ឱព្រះជាម្ចាស់នៃសេចក្តីសុចរិតគ្រប់យ៉ាង ! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំទាំងអស់គ្នាធ្វើដូចព្រះអង្គ
—សូមសន្តយ៉ូសែបជួយជំរុញយើងខ្ញុំ ឱ្យដើរតាមមាគ៌ានៃភាពដ៏វិសុទ្ធរបស់ព្រះអង្គជានិច្ច។ (បន្ទរ)
សូមព្រះអង្គទតមើលមកអស់អ្នកដែលជិតផុតដង្ហើម និងមរណបុគ្គលដោយព្រះហឫទ័យសប្បុរស និងប្រទានឱ្យពួកគេនូវធម៌មេត្តាករុណារបស់ព្រះអង្គ
—តាមរយៈពាក្យទូលអង្វររបស់ព្រះយេស៊ូ ព្រះនាងម៉ារី និងសន្តយ៉ូសែបផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានប្រោសឲ្យសន្តយ៉ូសែបទទួលបន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះ។ តាមរយៈពាក្យទូលអង្វររបស់សន្តយ៉ូសែប សូមមេត្តាប្រោសឲ្យព្រះសហគមន៍បានទទួលការសង្រ្គោះពីព្រះអង្គ ហើយបង្ហាញដល់មនុស្សលោកសព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។