ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ “ឱការប្តូរដ៏អស្ចារ្យ ! ព្រះជាម្ចាស់ជាព្រះបង្កើតមនុស្សលោកបានទទួលយករូបកាយ និងព្រលឹង ព្រះអង្គសព្វព្រះហឫទ័យប្រសូតពីព្រហ្មចារិនីម្នាក់។ យើងខ្ញុំបានទទួលមត៌ករួមជាមួយព្រះគ្រីស្ត ដោយសារព្រះអង្គបានបន្ទាបខ្លួន ចូលមកក្នុងសភាពជាមនុស្សដូចយើងខ្ញុំ” ។

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!
តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។
តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។
ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ
ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ត្រីអារ​មាន​កូន ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ
ជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ “ឱការប្តូរដ៏អស្ចារ្យ ! ព្រះជាម្ចាស់ជាព្រះបង្កើតមនុស្សលោកបានទទួលយករូបកាយ និងព្រលឹង ព្រះអង្គសព្វព្រះហឫទ័យប្រសូតពីព្រហ្មចារិនីម្នាក់។ យើងខ្ញុំបានទទួលមត៌ករួមជាមួយព្រះគ្រីស្ត ដោយសារព្រះអង្គបានបន្ទាបខ្លួន ចូលមកក្នុងសភាពជាមនុស្សដូចយើងខ្ញុំ” ។

បន្ទរទី២៖ ដោយព្រះអង្គបានចាប់កំណើតពីនាងព្រហ្មចារិនី ព្រះអង្គបានបំពេញតាមសេចក្តីដែលមានចែងទុកក្នុងព្រះគម្ពីរ៖ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! ដ្បិតព្រះអង្គបានយាងចុះមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ដូចដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកលើផែនដី។

(បទព្រហ្មគីតិ)

១២-ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣-ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឲ្យពរដល់រាស្រ្តដែលរស់ពាសពេញទីក្រុង
១៤-ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុងស្រូវបម្រុងច្រើនមហិមា
១៥-នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៦-ព្រះអង្គឲ្យទឹកកកធ្លាក់ចុះមកច្រើនដេរដាស
សន្សើមត្រជាក់ណាស់ក៏ធ្លាក់ចុះតាមបញ្ជា
១៧-ព្រះអង្គធ្វើឲ្យព្រឹលធ្លាក់មិនខ្ជិលច្រើនមហិមា
ឲ្យមានធាតុរងាតើនរណាអាចទ្រាំបាន?
១៨-ពេលទ្រង់មានបន្ទូលធ្វើឲ្យព្រឹលទាំងប៉ុន្មាន
ទឹកកកគ្រប់ទីស្ថានរលាយបានជាទឹកអស់
ធ្វើឲ្យមានទាំងខ្យល់បោកវិលវល់មិនឈប់សោះ
បក់យកទឹកទាំងនោះហូរតាមជ្រោះទៅមិនសល់
១៩-ទ្រង់សម្តែងឲ្យពូជលោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមលឲ្យអ៊ីស្រាអែលបានដឹង
២០-ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហ្នឹង
ឲ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ដោយព្រះអង្គបានចាប់កំណើតពីនាងព្រហ្មចារិនី ព្រះអង្គបានបំពេញតាមសេចក្តីដែលមានចែងទុកក្នុងព្រះគម្ពីរ៖ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! ដ្បិតព្រះអង្គបានយាងចុះមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ដូចដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកលើផែនដី។

បន្ទរទី៣៖ ឱព្រះមាតារបស់ព្រះជាម្ចាស់អើយ ! ព្រះនាងជាស្រ្តីដែលមានពរ ហើយផលដែលកើតចេញពីផ្ទៃព្រហ្មចារីរបស់ព្រះនាង ប្រៀបដូចជាអណ្តាតភ្លើងដែលឆេះនៅកណ្ដាល​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ ឱ្យលោកម៉ូសេបានឃើញនៅលើភ្នំស៊ីណៃ។ សូមព្រះនាងជួយអង្វរព្រះជាម្ចាស់ឱ្យយើងខ្ញុំផង។

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង
ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាងផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។
ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។
ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។
ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។
ព្រះអង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំងនៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ
តាម​បំណង​ដ៏​សប្បុរស ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឲ្យ​បាន​សម្រេច​
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ
និង​នៅ​លើ​ផែន‌ដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមាតារបស់ព្រះជាម្ចាស់អើយ ! ព្រះនាងជាស្រ្តីដែលមានពរ ហើយផលដែលកើតចេញពីផ្ទៃព្រហ្មចារីរបស់ព្រះនាង ប្រៀបដូចជាអណ្តាតភ្លើងដែលឆេះនៅកណ្ដាល​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ ឱ្យលោកម៉ូសេបានឃើញនៅលើភ្នំស៊ីណៃ។ សូមព្រះនាងជួយអង្វរព្រះជាម្ចាស់ឱ្យយើងខ្ញុំផង។

រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍នេះ ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រធីតា​របស់​ព្រះ‌អង្គ។ បង‌ប្អូន​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន ព្រោះ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះ‌សូរសៀង​ឡើង​ថា «អប្បា! ឱ​ព្រះ‌បិតា!»។ ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ​វិញ។ បើ​អ្នក​ជា​បុត្រ‌ធីតា​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ​ដែរ។

បន្ទរ៖ ព្រះបន្ទូលបានកើតមកជាមនុស្ស *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
—ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ព្រះអង្គបានប្រទានព្រះបុត្រារបស់​ព្រះអង្គឲ្យ​យាង​មក មាន​ជាតិ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ដែល​មាន​បាប ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង។ អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ព្រះអង្គបានប្រទានព្រះបុត្រារបស់​ព្រះអង្គឲ្យ​យាង​មក មាន​ជាតិ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ដែល​មាន​បាប ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង។ អាលេលូយ៉ា!

សូមលើកតម្កើងព្រះអម្ចាស់យេស៊ូ ដែលជាសេចក្តីសុខសាន្តនៃយើងខ្ញុំ។ ព្រះអង្គយាងមកបង្រួបបង្រួមមនុស្សលោកឱ្យជានានឹងព្រះជាម្ចាស់។
ចូរយើងទូលអង្វរព្រះអង្គ ដោយចិត្តរាបសារថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់! សូមប្រទានសេចក្តីសុខសាន្តរបស់ព្រះអង្គមកយើងខ្ញុំ !

ពេលព្រះអង្គប្រសូត ទ្រង់បានបង្ហាញពីព្រះហឫទ័យសប្បុរស និងស្លូតបូត
—សូមជួយឱ្យយើងខ្ញុំចេះដឹងគុណព្រះអង្គជានិច្ច នូវព្រះពរទាំងប៉ុន្មានដែលយើងខ្ញុំបានទទួលនោះផង។ (បន្ទរ)

ព្រះអង្គយាងមក ដើម្បីប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់ពិភពលោក
—សូមឱ្យអ្នកប្រកាសព្រះបន្ទូល និងអ្នកស្តាប់ មានចំនួនកើនឡើងផង។ (បន្ទរ)

ព្រះអង្គសព្វព្រះហឫទ័យក្លាយទៅជាបងប្អូនរបស់យើងខ្ញុំ ដោយប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
—សូមព្រះអង្គបង្រៀនបុរស និងស្រ្តី ឱ្យចេះស្រឡាញ់គ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ (បន្ទរ)

ព្រះអង្គយាងមកប្រៀបបីដូចជាព្រះអាទិត្យរះឡើងបំភ្លឺភពផែនដី
—សូមព្រះអង្គបង្ហាញពន្លឺនៃព្រះភក្ត្រព្រះអង្គដល់អស់អ្នក ដែលបានទទួលមរណភាពផង។ (បន្ទរ)

បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គប្រោសឲ្យព្រះនាងព្រហ្មចារិនីម៉ារី បង្កើតព្រះបុត្រាព្រះអង្គដើម្បីសង្គ្រោះមនុស្សលោក។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាង សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំសមនឹងទទួលព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះបុត្រា ដែលជាប្រភពនៃជីវិតថ្មី។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

79 Views

Theme: Overlay by Kaira