សប្តាហ៍ពិសិដ្ឋ
ថ្ងៃចន្ទពិសិដ្ឋ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៤១-៤៨
ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ នៅមុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រីស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើងឡើយ។
៤១ | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! |
៤២ | សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
៤៣ | សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។ |
៤៤ | ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។ |
៤៥ | ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។ |
៤៦ | ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា ទូលបង្គំនឹងមិនខ្មាស់ឡើយ។ |
៤៧ | ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។ |
៤៨ | ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់ ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៤០,២-១៤.១៧-១៨
ពាក្យអរព្រះគុណ និងពាក្យទូលសូមជំនួយ
“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។
(ក)
(បទពាក្យ ៧)
២- | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
ស្តាប់សូរសម្រែកមិនលំអៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
៣- | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
៤- | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ | |
៥- | មនុស្សណាដែលបានផ្ញើជីវិត | លើព្រះមានឫទ្ធិដ៏អង់អាច | |
មិនបែរគោរពទៅខ្លបខ្លាច | ព្រះមានអំណាចព្រះបោកប្រាស | ។ | |
៦- | បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ | ព្រះអង្គឧត្តមប្រសើរណាស់ | |
ការអស្ចារ្យទ្រង់ច្រើនដេរដាស | ជាព្រះសង្គ្រោះមិនបែកបែរ | ។ | |
ព្រះអង្គក៏មានគម្រោងការ | ច្រើនឥតឧបមាឥតងាករេ | ||
គ្មាននរណាស្មើព្រះអង្គទេ | ការអស្ចារ្យទ្វេរាប់មិនអស់ | ។ | |
៧- | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតំរិះនៃព្រះអង្គ | ។ | |
៨- | ដូច្នេះទូលបង្គំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
ទូលបង្គំប្រព្រឹត្តឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
៩- | ទូលបង្គំពេញចិត្តធ្វើតាម | ព្រះហឫទ័យអម្ចាស់គ្រប់ទិសទី | |
វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
១០ | ទូលបង្គំបានប្រកាសឱ្យអង្គប្រជុំដ៏ធំ ដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។ |
១១ | ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដែលបានសង្គ្រោះទូលបង្គំ ទូលបង្គំពុំអាចនៅស្ងៀម មិនប្រកាសអំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គ នៅកណ្ដាលអង្គប្រជុំធំបានឡើយ។ |
១២ | ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ព្រះអង្គតែងតែអាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គ តែងតែតាមការពារទូលបង្គំជានិច្ច។ |
១៣ | មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ ធ្វើឱ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសទូលបង្គំមានចំនួនច្រើនជាងសរសៃសក់របស់ទូលបង្គំទៅទៀត ទូលបង្គំលែងមានកម្លាំងប្រឈមមុខទៀតហើយ។ |
១៤ | ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់! |
១៧ | រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឱ្យគេបានសប្បាយរីករាយរួមជាមួយព្រះអង្គ! សូមឱ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះរបស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះអម្ចាស់!»។ |
១៨ | ទូលបង្គំជាមនុស្សកំសត់ទុរគត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ នៅមុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រីស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើងឡើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អគ ៣៣,១០ខ.១១ក
អ្នករាល់គ្នាតែងពោលថា “អំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំសង្កត់លើយើងខ្ញុំ ហេតុនេះហើយបានជាយើងខ្ញុំកាន់តែរីងរៃទៅៗ តើធ្វើម្ដេចឲ្យយើងខ្ញុំអាចរស់រានមានជីវិតបាន?” ។ ចូរឆ្លើយទៅពួកគេវិញថា: យើងជាព្រះដែលមានជីវិតគង់នៅ! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។
—ព្រះអង្គមិនបានហើបមាត់ទាល់តែសោះ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យរ ១៨,២០ខ
សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ដើម្បីទូលអង្វរសម្រាប់ពួកគេ សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
—លោកទទួលយកការឈឺចាប់របស់យើងមកដាក់លើខ្លួនលោក។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យរ ៣១,២.៣ខ.៤ក
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «នៅវាលរហោស្ថាន យើងបានសម្ដែងការប្រណីសន្ដោសដល់ប្រជាជន ដែលសេសសល់ពីស្លាប់ក្នុងចម្បាំង ហើយអ៊ីស្រាអែលនឹងបានសុខសាន្តត្រាណ។ ព្រះអង្គមានព្រះបន្ទូល មកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។ នាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញ។
—យើងខ្ញុំបានទទួលអគ្គសញ្ញានៃការសង្រ្គោះ ដោយសារព្រះឈើឆ្កាង។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំនាំគ្នារំឭកដល់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក ដើម្បីសង្គ្រោះមនុស្ស លោក។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំដែលជាមនុស្សទន់ខ្សោយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!